កម្ពុជា ​កំពុង​ពង្រឹកទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​អាមេរិកឲ្យកាន់​តែ​រឹង​មាំ​

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ​បាន​ជួបជាមួយ​ គណៈ​ប្រតិភូសភាពាណិជ្ជកម្ម​អាមេរិក-កម្ពុជា (American Cambodian Business Chamber- ACBC) ដឹក​នាំ​ដោយ​ លោកស្រី ច័ន្ទ សុខ​វាសនា​ ស្ថាបនិក​ និងជាប្រធាន ACBC ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព។

តាមដានជាមួយយើង៖ Million Times

​ដោយ​ឡែក​ក្រៅ​ពី​ជួប​សម្ដេច​ធិបតី​នៅ​ព្រឹក​នេះ ​កាល​ពី​ល្ងាច​ម្សិលមិញ ​លោក​ស្រី ច័ន្ទ សុខវាសនា ​ក៏​បាន​ជួប​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​។

​ដោយ​ក្នុង​ឱកាស​នោះ លោក​ស្រី ច័ន្ទ សុខវាសនា ស្ថាបនិក​ និងជាប្រធាន ACBC បាន​អះអាង​ថា​លោក​ស្រីដឹកនាំ​គណៈប្រតិភូ​ក្នុង​ឱកាស​នេះ​សុទ្ធ​សឹង​តែ​ជា​ក្រុមហ៊ុន​ធំៗ​ដែល​មាន​ចំណាប់អារម្មណ៍បណ្តាក់​ទុនវិនិយោគនៅកម្ពុជា ​លើវិស័យសំខាន់ៗ រួមមាន ដូចជា៖ ភស្តុភារ ​ហេដ្ឋារចនាសម្ព័ន្ធ​ ផលិតកម្ម ​និង​កសិកម្ម​ជាដើម។

​លោកស្រីសង្ឃឹម​យ៉ាង​មុត​មាំ​ថា​ តាម​រយៈ​ទំនាក់​ទំនង​ដ៏​ល្អ​ប្រសើរ​ជាមួយ​សភាពាណិជ្ជកម្មកម្ពុជា​ សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា នឹង​អាច​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​និងត​ភ្ជាប់​ទំនាក់​ទំនងរវាង​ធុរជននៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​ជិតស្និទ្ធ ​និងមានប្រសិទ្ធភាពខ្ពស់។​

​ដោយ​ឡែក​អ្នកឧកញ៉ា គិត ម៉េង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គំនិត​ផ្តួចផ្តើម និង​ការ​ប្តេជ្ញា​ចិត្ត​របស់​សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ក្នុង​ការចូលរួមពង្រឹង​ស្ពាន​សេដ្ឋកិច្ចត​ភ្ជាប់រវាងកម្ពុជា និង​សហរដ្ឋអាមេរិក។ អ្នកឧកញ៉ា បានបន្ថែមថា​ សហរដ្ឋ​អាមេរិក​គឺ​ជាទីផ្សារ​នាំចេញ​ធំបំផុត​មួយ និង​ជាដៃគូពាណិជ្ជកម្មដ៏​សំខាន់​របស់​កម្ពុជា ​ដោយទំ​ហំ​ពាណិជ្ជកម្ម​ទ្វេភាគីបាន​កើនឡើងជា​លំដាប់។ ​

លើសពីនេះ​ វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោករបស់អាមេរិកដូចជា Coca-Cola Ford ​Chevron Caltex និង GE បាន​បង្ហាញ​យ៉ាងច្បាស់​អំពីទំនុកចិត្ត​លើបរិយា​កាសធុរកិច្ច​នៅកម្ពុជា​ដែលបច្ចុប្បន្នមានសន្តិភាព​ ស្ថិរភាពនយោបាយ និង​ឆ្ពោះទៅ​រកចក្ខុវិស័យ​ប្រែក្លាយជា​ប្រទេស​មាន​ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០៕

អត្ថបទ៖ ឆដា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia