អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ ផ្ដល់​អាហារូបករណ៍សិក្សា ៥ កន្លែង នៅ​សាកលវិទ្យាល័យ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែល​ជា​ភរិយា​របស់​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​ប្រកាស ផ្ដល់​ជូន​អាហារូបករណ៍​សិក្សា ៥ កន្លែង នៅ​សាកលវិទ្យាល័យ ដល់​សិស្ស​ដែល​ប្រឡង​បាក់ឌុប​ជាប់ សម្រាប់​ឆ្នាំ ២០២៦ នេះ។

តាមដានជាមួយយើង៖ Million Times

តាម​រយៈ​សមាគម​សិល្បករ​ខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹង​ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែង នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ជូន​ដល់​សិល្បករ​សិល្ប​ការិនី ស្របពេល​ការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យប្រឡង ១០ សីហា ២០២៦ ជិតចេញហើយ ពោលគឺថ្ងៃ ២ ខែកញ្ញា ខាងមុខ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន ៥កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្រ សិក្សា​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ជូន​ដល់​សិល្បករ​សិល្ប​ការិនី ជា​សមាជិក​សមាគម ដើម្បី​រួម​ចំណែក​កសាង​ធនធាន​មនុស្ស និង​ជា​ការ​តបស្នង​ចំពោះ​កិច្ច​ខិតខំ​ថែរក្សា​ការពារ​សិល្បៈ​វប្បធម៌ ក៏​ដូចជា​ជួយ​សម្រួល​ដល់​ការ​ខ្វះខាត​របស់​សិល្បករ​មួយ​ចំនួន​ផង​ដែរ។

សមាជិកសិល្បករសិល្បការិនីដែលមានបំណងទទួលបានឱកាសអាហារូបករណ៍ដ៏ពិសេសពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន រួសរាន់​មក​សាកសួរ​ព័ត៌មាន​ដោយ​ផ្ទាល់ នៅ​ទីស្នាក់ការ​សមាគម​សិល្បករ​ខ្មែរ ដែល​មាន​អាសយដ្ឋាន ផ្ទះលេខ៩៣ ផ្លូវ៣៧៦ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះ រហូត​ដល់​ថ្ងៃ ១៥ ខែ​កញ្ញា ឆ្នាំ២០២៦ ឬ តាមរយៈ​លេខទូរស័ព្ទ ០៩៥ ៨២៦ ៨២៦/ ០៩៥ ៨២៧ ៨២៧៕

អត្ថបទ៖ឆដា, រូបភាព៖Khmer Artists Association