កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញពាណិជ្ជកម្មឱ្យដល់ ២០ ពាន់លានដុល្លារ

ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងវៀតណាម បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ។

ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះធ្វើឡើងក្នុងពេលលោកជំទាវ ង្វៀន ធី ថាញ់ ដឹកនាំគណៈប្រតិភូមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ក្នុងសន្និសីទ ISC-2 ដែលមានសភាជាង ២០ ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន ៨ ចូលរួម។ សម្តេចបានគូសបញ្ជាក់ថា វេទិកានេះបានបង្ហាញពីការរួមគ្នាលើកកម្ពស់សន្តិភាព ការគោរពច្បាប់ និងពហុភាគីនិយមប្រកបដោយបើកចំហ និងបរិយាបន្ន។

សម្តេចបានសម្តែងក្តីរីករាយដែលបានជួបលោកជំទាវ ង្វៀន ធី ថាញ់ ជាថ្មី បន្ទាប់ពីជំនួបនៅរដ្ឋធានីហាណូយ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា កាលពីចុងខែកក្កដា ឆ្នាំ២០២៦។ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ និងស្និទ្ធស្នាល។

ជាមួយគ្នានេះ លោកជំទាវ ង្វៀន ធី ថាញ់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ចំពោះការទទួលស្វាគមន៍គណៈប្រតិភូវៀតណាម និងបានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ព្រមទាំងការធ្វើជាម្ចាស់ផ្ទះ ISC-2 ដែលបានលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ ក៏បានអបអរសាទរ និងគាំទ្រចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងពន្លឿនទំហំពាណិជ្ជកម្មឱ្យឈានដល់ ២០ ពាន់លានដុល្លារអាមេរិក។

នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនឡើងដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៦ ត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ង្វៀន ធី ថាញ់ ក៏បានរំលឹកពីលទ្ធផលនៃជំនួបរវាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម កាលពីចុងខែកក្កដា ឆ្នាំ២០២៦ ក្នុងការពង្រឹងការទូតសភា ទំនាក់ទំនងប្រជាជននិងប្រជាជន និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍។

ភាគីទាំងពីរក៏បានឯកភាពគ្នាលើការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីឆ្នាំ២០២២ ឱ្យសមស្របតាមសភាពការណ៍ជាក់ស្តែង។

ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា និងវៀតណាម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមមានក្រុមមិត្តភាព គណៈកម្មការជំនាញ សមាជិកសភាជាស្ត្រី សមាជិកសភាវ័យក្មេង និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងបន្តគាំទ្រគ្នានៅវេទិកាអន្តរសភា ដោយយកប្រជាពលរដ្ឋជាស្នូល៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times