ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី GAZ Group កំពុងសម្លឹងមើលឱកាសពង្រីកទីផ្សារ និងវិនិយោគនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់ការលើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យយានយន្ត និងគម្រោងដំឡើងរថយន្តក្នុងស្រុក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយលោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់របស់ GAZ Group ប្រចាំតំបន់អាស៊ី កាលពីរសៀលថ្ងៃទី១៧ ខែសីហា នៅទីស្ដីការក្រសួង។
ជំនួបនេះផ្ដោតលើការស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងលទ្ធភាពពង្រីកប្រតិបត្តិការរបស់ GAZ Group មកកាន់ទីផ្សារកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍គណៈប្រតិភូ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ក្នុងការជំរុញពាណិជ្ជកម្ម និងការទូតរវាងប្រទេសទាំងពីរ។ លោកក៏បានលើកឡើងពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី។
ឯកឧត្តមបានបញ្ជាក់ថា វិស័យយានយន្តគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្ដល់ការលើកទឹកចិត្ត។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបញ្ចប់ការវាយតម្លៃលើគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ និងកំពុងរៀបចំគោលនយោបាយថ្មីសម្រាប់ឆ្នាំ ២០២៦-២០៣៥ ដែលនឹងធ្វើឱ្យការលើកទឹកចិត្តដល់គម្រោងដំឡើងយានយន្តកាន់តែប្រសើរ និងមានភាពប្រកួតប្រជែង។
លោក Sergey Kuryshev បានថ្លែងថា GAZ Group មានបទពិសោធន៍ជាង ៩០ ឆ្នាំ និងជារោងចក្រផលិតរថយន្តធំមួយរបស់រុស្ស៊ី ដោយបច្ចុប្បន្ននាំចេញរថយន្តទៅកាន់ទីផ្សារចំនួន ៤៣ ប្រទេស។ ក្រុមហ៊ុនក៏បានជោគជ័យក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅវៀតណាមផងដែរ។
ក្នុងជំនួបនេះ GAZ Group បាននាំយករថយន្តចំនួនពីរម៉ូដែល គឺ GAZELLE CITY និង GAZELLE NEXT CITILINE មកតាំងបង្ហាញនៅទីស្ដីការក្រសួង ដើម្បីបង្ហាញពីនវានុវត្តន៍ និងគុណភាពរថយន្តរបស់ក្រុមហ៊ុន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកទឹកចិត្តឱ្យ GAZ Group សិក្សាលទ្ធភាពបង្កើតរោងចក្រដំឡើងរថយន្ត ឬផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ការវិនិយោគបែបនេះអាចរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតការងារជំនាញសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១៣ គម្រោងកំពុងប្រតិបត្តិការ ដែលបង្ហាញពីភាពរស់រវើកនៃឧស្សាហកម្មយានយន្តក្នុងប្រទេស។
រាជរដ្ឋាភិបាលក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាផ្ដល់ការសម្របសម្រួលប្រកបដោយតម្លាភាព រហ័ស និងប្រសិទ្ធភាព ដើម្បីបង្កើតបរិយាកាសធុរកិច្ចអំណោយផលសម្រាប់អ្នកវិនិយោគ។
ជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីសិក្សា និងជំរុញលទ្ធភាពនៃការវិនិយោគរបស់ GAZ Group នៅកម្ពុជានាពេលខាងមុខ៕
អត្ថបទ៖ ប៊ី








