ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអំពាវនាវដល់កសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម សម្រាប់ជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងការប្រកបរបរកសិកម្ម។
ការអំពាវនាវនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីកង្វល់របស់ប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ក្រុង ស្រុក មន្ត្រីជំនាញកសិកម្ម ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ៤៥០នាក់។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងនៃការចុះជួបកសិករគឺ ដើម្បីស្តាប់បញ្ហាពិតប្រាកដដែលពួកគាត់កំពុងជួបប្រទះ និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីធ្វើឱ្យការធ្វើកសិកម្មមានប្រសិទ្ធភាព និងទទួលបានផលចំណេញ។
បញ្ហាដែលកសិករកំពុងប្រឈម រួមមានទីផ្សារ តម្លៃកសិផល ថ្លៃដើមផលិតកម្ម បច្ចេកទេស ការទទួលបានប្រភពទុន និងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការផលិត និងលក់កសិផល។
បន្ទាប់ពីស្តាប់កង្វល់របស់កសិករ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ពីតួនាទីរបស់សមាគមបណ្តាញកសិករតេជោ ដែលជាអង្គការក្នុងស្រុក ប្រើប្រាស់ធនធានផ្ទាល់ខ្លួនសម្រាប់អនុវត្តសកម្មភាព និងមានគោលបំណងចូលរួមជួយដល់ប្រជាកសិករនៅទូទាំងប្រទេស។
សមាគមមានតួនាទីសំខាន់ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ស្របច្បាប់របស់កសិករ តាមរយៈការផ្តល់យោបល់ ការសម្របសម្រួល និងការជួយស្វែងរកដំណោះស្រាយចំពោះបញ្ហានានាដែលកសិករកំពុងជួបប្រទះ។
ជាពិសេស សមាគមបណ្តាញកសិករតេជោមានតួនាទីធ្វើជាស្ពានភ្ជាប់កសិករទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេស តាមរយៈការសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។
សមាជិកសមាគមមានទាំងជំនាញ និងបទពិសោធន៍ផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើការដាំដុះ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងសកម្មភាពកសិកម្មផ្សេងៗទៀត ដែលអាចចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយកសិករ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំបន្ថែមឱ្យប្រជាកសិករស្គាល់ និងប្រើប្រាស់សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រដ្ឋ និងមានតួនាទីផ្តល់ហិរញ្ញប្បទានគាំទ្រដល់វិស័យកសិកម្ម។
សេវាហិរញ្ញប្បទានរបស់ ARDB ផ្តោតលើសកម្មភាពដាំដុះស្រូវ ការចិញ្ចឹមសត្វ វារីវប្បកម្ម បន្លែ និងការកែច្នៃផលិតផលកសិកម្ម ដោយមានអត្រាការប្រាក់អនុគ្រោះ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋក្នុងការប្រកបរបរកសិកម្ម។
ការជំរុញឱ្យកសិករភ្ជាប់ជាមួយសមាគមនេះ ក៏ស្របនឹងការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងការចុះជួបកសិករនៅខេត្តព្រះវិហារកាលពីថ្ងៃទី១១-១៣ ខែសីហា ដែលបានផ្តោតលើការគ្រប់គ្រងថ្លៃដើមផលិតកម្ម ការអនុវត្តបច្ចេកទេស និងការគិតគូរពីទីផ្សារ ដើម្បីធានាថាការផលិតអាចបង្កើតប្រាក់ចំណេញ៕
អត្ថបទ៖ ប៊ី







