អូស្ត្រាលី​ជួយ​ពង្រឹង​ការ​កែច្នៃ​ស្វាយចន្ទី​នៅ​កម្ពុជា​ ​ខណៈ​កម្ពុជា​បាត់បង់​ចំណូល​ជាង​ ​១២៥​ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

​ភ្នំពេញ​៖​ ​អូស្ត្រាលី​កំពុង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​កម្ពុជា​ តាមរយៈ​ការ​សហការ​ជាមួយ​វិស័យ​ឯកជន ​ដើម្បី​បង្កើន​សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​ ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​បង្កើត​តម្លៃ​បន្ថែម​សម្រាប់​ឧស្សាហកម្ម​មួយ​នេះ​ ​ខណៈ​កម្ពុជា​នៅតែ​បាត់បង់​ចំណូល​សក្តានុពល​ជាង​ ​១២៥​ ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ​ដោយសារ​ការ​កែច្នៃ​ក្នុង​ស្រុក​នៅ​មាន​កម្រិត​។

​បើ​តាម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​កម្ពុជា​គឺជា​ប្រទេស​ផលិត​គ្រាប់​ស្វាយចន្ទី​ឆៅ​ធំ​ជាង​គេ​លំដាប់​ទី​២​ ​នៅលើ​ពិភពលោក​ ​ប៉ុន្តែ​មាន​តែ​ ​៥​ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ទិន្នផល​សរុប​ដែល​ត្រូវបាន​កែច្នៃ​នៅក្នុង​ប្រទេស​។ ​ការ​ខ្វះ​សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​នេះ​ ​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រទេស​បាត់បង់​ចំណូល​សក្តានុពល​ជាង​ ​១២៥​ ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ធ្វើឱ្យ​កសិករ​ ​និង​ពាណិជ្ជករ​បន្ត​ប្រឈម​នឹង​ហានិភ័យ​ពី​ការ​ប្រែប្រួល​តម្លៃ​ទីផ្សារ​ផងដែរ​។

​ស្ថានទូត​បាន​ឱ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ​ថា​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ​អូស្ត្រាលី​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Olam​ ​Food​ ​Ingredients​ ​(​ofi​) ​ដែល​ជា​ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​សកល ​និង​មាន​ចំណែក​ពី​ ​២០​ ​ទៅ​ ​២៥​ ​ភាគរយ​នៃ​ទីផ្សារ​គ្រាប់​ស្វាយចន្ទី​ពិភពលោក​។ ​កិច្ចសហការ​នេះ​មាន​គោលបំណង​បង្កើន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ដល់​ ​៨០​ ​តោន​ក្នុង​មួយ​ថ្ងៃ​ ​និង​ជំរុញ​ការ​វិនិយោគ​រហូតដល់​ ​១០​ ​លាន​ដុល្លារ​អាមេរិក​ក្នុង​វិស័យ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​កម្ពុជា​។​

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​អូស្ត្រាលី​បន្ត​ប្តេជ្ញា​ទាក់ទាញ​ការ​វិនិយោគ​ប្រកបដោយ​គុណភាព​ ​ដែល​អាច​បង្កើត​ការងារ​ និង​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​អាជីវកម្ម​ ​ដើម្បី​ជួយ​កម្ពុជា​កសាង​សេដ្ឋកិច្ច​ដែល​មាន​ភាព​រឹងមាំ​ និង​វិបុលភាព​។

​ជាមួយគ្នា​នេះ​ សមាគម​ស្វាយចន្ទី​កម្ពុជា​ ​(​សសក) ​បាន​ឱ្យដឹង​ថា​ ​ទិន្នន័យ​ក្រៅ​ផ្លូវការ​ដែល​សមាគម​ប្រមូល​បាន​ ​បង្ហាញ​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ប្រមាណ​ ​១,០៣​ ​លាន​តោន ​ទៅកាន់​ប្រទេស​វៀតណាម​ ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​ដោយ​រក​ចំណូល​បាន​ប្រមាណ​ ​១,៧៥១​ លាន​ដុល្លារ​អាមេរិក​។ ​តួលេខ​នេះ​តំណាង​ឱ្យ​ការ​កើនឡើង​ ​២៨​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥​។

​ក្រុម​អ្នកសង្កេតការណ៍​ឧស្សាហកម្ម​បាន​លើកឡើង​ថា​ ​ខណៈ​ការ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ស្វាយចន្ទី​សកល​កាន់តែ​មាន​ភាព​ស្វិតស្វាញ​ ​ប្រទេស​ផលិត​ដែល​ផ្តោត​លើ​ការ​វិនិយោគ​ក្នុង​ការ​កែច្នៃ​ក្នុង​ស្រុក​ និង​ការ​បង្កើត​តម្លៃ​បន្ថែម​ ​នឹង​មាន​ជំហរ​កាន់តែ​ប្រសើរ​ក្នុង​ការ​ទាញយក​ផលប្រយោជន៍​ពី​កំណើន​រយៈពេល​វែង​ ​និង​ការ​ប្រែប្រួល​នៃ​រចនាសម្ព័ន្ធ​ទីផ្សារ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times