KNN Group នឹងបើកការដ្ឋានសាងសង់​រោងចក្រ​ដំឡើង​រថយន្ត JETOUR នៅខេត្តកណ្ដាល

KNN Group របស់​អ្នកឧកញ៉ា ជាម ឃុនណាត ដែល​ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្លូវការ​រថយន្ត JETOUR នៅ​កម្ពុជា នឹង​វិនិយោគ ២៨ លានដុល្លារ សាងសង់​រោងចក្រ​ដំឡើង​រថយន្ត JETOUR លើ​ផ្ទៃ​ដី​ទំហំ ១០ហិកតា ក្នុង​ខេត្ត​កណ្ដាល។

តាមដានជាមួយយើង៖ Million Times

​រោងចក្រ​ដំឡើង​រថយន្ត​លំដាប់​ខ្ពស់ JETOUR នឹង​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃ ២៦ ខែ​កក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ ដែល​ស្ថិត​នៅ​តំបន់​យុទ្ធសាស្ត្រ សម្រាប់​ការ​អភិវឌ្ឍឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍។ គម្រោងរោងចក្រដែល​បោះ​ទុនវិនិយោគ ២៨ លានដុល្លារ​នេះ នឹងសាងសង់លើផ្ទៃដីទំហំ ១០ហិកតា ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

Screenshot

ការវិនិយោគលើរោងចក្រដំឡើងរថយន្ត JETOUR នេះ មិន​ត្រឹម​​បង្ហាញ​ពី​ការ​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់ KNN Group ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​ជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ទំនុក​ចិត្ត​ដ៏​មុតមាំ​របស់​វិនិយោគិន មកលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។

ការបង្កើតរោងចក្រនេះ វានឹងក្លាយជាកម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​វិស័យ​ឧស្សាហកម្ម​យានយន្ត​ក្នុង​ស្រុក​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ព្រម​ទាំង​ផ្ដល់​បច្ចេកវិទ្យា​ដំឡើង​រថយន្ត​ទំនើប​តាម​ស្តង់ដារ​អន្តរជាតិ ដែល​ធានា​បាន​គុណភាព​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​នៅ​កម្ពុជា។

ក្រុមហ៊ុន KNN Group រំពឹង​យ៉ាង​មុតមាំ​ថា ការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត JETOUR នេះ នឹង​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​មោទនភាព​ជាតិ និង​រួម​ចំណែក​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​ដំឡើង​រថយន្ត​ដ៏​ទាក់ទាញ​នៅ​ក្នុង​តំបន់។ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយទៀតក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិ​ឲ្យ​មក​បណ្ដាក់​ទុន​កាន់តែ​ច្រើន ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិតកម្ម​នៅ​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ Jetour Cambodia