គិតចាប់ពីដើមឆ្នាំមក ពិសេសក្នុងរដូវកាលចែកភាគលាភក្នុងឆ្នាំ ២០២៦ នេះ ផ្សារមូលបត្រកម្ពុជា (ផមក) បានបង្ហាញនូវសញ្ញាវិជ្ជមាននៃការរីកចម្រើនផ្នែកសន្ទនីយភាពទីផ្សារ។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។
ទោះបីជាមានកត្តាខាងក្រៅមួយចំនួនបានកំពុងតែជះឥទ្ធិពលមកលើសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចជាសកលយ៉ាងណាក្តី ក៏ស្ថានភាពជួញដូរនៅទីផ្សារមូលបត្រកម្ពុជាហាក់មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីការជឿជាក់របស់វិនិយោគិនចំពោះការវិនិយោគមួយនេះ។
នៅឆមាសទី១ ឆ្នាំ២០២៦ នេះ ចំនួនវិនិយោគិនសកម្ម (វិនិយោគិនដែលបានបញ្ជាជួញដូរភាគហ៊ុនយ៉ាងតិច ១ ដង) ក្នុងខែនីមួយៗ មានចំនួនជាមធ្យម ៤.៩០២ នាក់ ហើយមានកំណើនប្រមាណ ៦៤,៣៨% បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២៥ ដែលមានត្រឹម ២.៩៨២ នាក់។
ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ចំនួនវិនិយោគិនសកម្មបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ពោលគឺខែមេសា មានចំនួន ៤.៨១៣ នាក់, ខែឧសភាមានចំនួន ៥.០១២ នាក់, និងខែមិថុនា កើនរហូតដល់ ៦.៣៨៦ នាក់។
មុនឆ្នាំ ២០២៦ នេះ ទិន្នន័យចំនួនវិនិយោគិនសកម្មនេះ មានខ្ពស់បំផុតត្រឹម ៤.៤០២ នាក់ ក្នុងខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពី មានសេចក្តីជូនដំណឹងពីផែនការវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ត្រាស់ លើមូលបត្រកម្មសិទ្ធិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសេចក្តីជូនដំណឹងពីការដាក់ឱ្យជួញដូរបន្ថែមនូវភាគហ៊ុនដែលបានធ្វើនិយ័តកម្មពីក្រុមហ៊ុន អេ អេស អេ ភី-អិលស៊ី។
ទន្ទឹមនឹងការបំបែកកំណត់ត្រាខ្ពស់បំផុតរបស់ចំនួនវិនិយោគិនសកម្ម ចំនួនបញ្ជាទិញលក់ ដែលដាក់ចូលទីផ្សារ ជាមធ្យមប្រចាំថ្ងៃ ក៏ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន។
ក្នុងឆមាសទី ១ នេះ ចំនួនបញ្ជាដាក់ចូលទីផ្សារបានកើនដល់កម្រិតខ្ពស់មិនធ្លាប់មាន ដែលជាមធ្យមបានឈានដល់ ៥.០៣០ បញ្ជាក្នុងមួយថ្ងៃ ហើយក្នុងខែមិថុនានេះ ចំនួនបញ្ជាជាមធ្យមក្នុងមួយថ្ងៃបានឈានដល់ ៥.៤១០ បញ្ជា ដែលជាចំនួនខ្ពស់ជាងគេបំផុត។
តម្លៃជួញដូរជាមធ្យមក្នុងឆមាសទី ១ ឆ្នាំ ២០២៦ នេះ មានការកើនឡើងរហូតដល់ ៨៥៤ លានរៀល (ប្រមាណ ២១៣ ពាន់ដុល្លារ) ដែលកើនឡើង ៩០,៧៥% បើធៀបនឹងឆមាសទី ១ ឆ្នាំ ២០២៥ ដែលមានត្រឹម ៤៤៨ លានរៀល (ប្រមាណ ១១២ ពាន់ដុល្លារ)។
ដោយឡែក តម្លៃជួញដូរក្នុងខែមិថុនានេះ បានកើនឡើងដល់ ១.២១៣ លានរៀល (ប្រមាណ ៣០៣ ពាន់ដុល្លារ) ជាចំនួនដែលខ្ពស់ជាងគេ គិតចាប់ពីខែសីហា ឆ្នាំ ២០២៣។
ការកើនឡើងនូវទំហំជួញដូរនេះ បានមកពីទំនុកចិត្ត និងការចូលរួមរបស់វិនិយោគិន ព្រមទាំងលទ្ធផលវិជ្ជមាន នៃអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី និងការបែងចែកភាគលាភខ្ពស់។ វិនិយោគិនបន្តនូវភាពជឿជាក់លើទីផ្សារ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដោយធ្វើការទិញយកបន្ថែមនូវភាគហ៊ុន ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដែលធ្វើឱ្យសន្ទស្សន៍ ផមក បានកើនឡើង ៧,៧% ក្នុងឆមាសទី១ ឆ្នាំ ២០២៦នេះ បើទោះបីជាថ្លៃភាគហ៊ុនភាគច្រើនបានធ្លាក់វិញខ្លះ ដោយសារតែការបែងចែកភាគលាភ។
ការបំបែកកំណត់ត្រាថ្មីៗ និងការកើនឡើងនូវទំហំជួញដូរនេះ ក៏បានមកពីភាពងាយស្រួលក្នុងការដកដាក់សាច់ ប្រាក់ ភាពងាយស្រួលក្នុងការបើកគណនី ភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងទំនើបកម្មនៃប្រព័ន្ធជួញដូរចល័ត CSX Trade។
ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា៖ «ជាក់ស្តែង ក្នុងឆមាសទី១នេះ យើងមានគណនីថ្មីចំនួន ៥.៥៨៧ គណនី ហើយនេះបានបង្ហាញពីចំណាប់ អារម្មណ៍ជាបន្តបន្ទាប់របស់វិនិយោគិនមកលើទីផ្សារភាគហ៊ុនកម្ពុជា»៕
អត្ថបទ៖ ប៊ី






