ប្រទេសជប៉ុននៅតែបន្តជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍ ដែលបញ្ជាក់ដោយរដ្ឋសភា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី និងសហការីនៅក្នុងឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងរយៈពេលបីឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងទំនាក់ទំនងការទូត ទំនាក់ទំនងប្រជាជននិងប្រជាជន ពាណិជ្ជកម្ម ទេសចរណ៍ មនុស្សធម៌ និងវប្បធម៌ជាដើម។
សម្តេចបានលើកឡើងថា ជប៉ុនជាមិត្តដែលគួរឱ្យទុកចិត្ត និងស្មោះត្រង់របស់កម្ពុជា។ ឆ្នាំនេះជាខួប៧៣ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រជាពលរដ្ឋកម្ពុជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋជប៉ុន។ ជប៉ុនបានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ហើយពលរដ្ឋកម្ពុជាចងចាំជានិច្ចចំពោះការលះបង់ជីវិតក្នុងបុព្វហេតុសន្តិភាពនៅកម្ពុជា របស់កុលបុត្រវ័យក្មេងជប៉ុន២នាក់ ម្នាក់ពលីនៅខេត្តកំពង់ធំ និងម្នាក់ទៀតពលីនៅខេត្តបន្ទាយមានជ័យ ក្នុងក្របខ័ណ្ឌកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) កាលពីឆ្នាំ១៩៩៣។
ការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជាលើគ្រប់វិស័យ ដូចជាការដោះមីន ធនធានមនុស្ស កសិកម្ម និងពាណិជ្ជកម្មជាដើមនោះ បានលេចចេញជារូបរាង និងផ្តល់ផ្លែផ្កាជាច្រើនពិតប្រាកដជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក។ ចំពោះវិស័យវិនិយោគ ប្រទេសជប៉ុននៅតែបន្តជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥។
សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសជប៉ុន ដែលគិតមកដល់ពេលនេះមានចំនួនប្រមាណ ១៧,០០០ នាក់ហើយ។ ជាមួយគ្នានេះ ជប៉ុនក៏បានទទួលយកពលករខ្មែរជិត៧ម៉ឺននាក់ ទៅធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលប្រការនេះបានធ្វើឱ្យពលករកម្ពុជាទទួលបានប្រាក់ចំណូលខ្ពស់ និងចំណេះដឹងផ្នែកបច្ចេកទេសការងារ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍកម្ពុជាវិញ។
ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបឯកឧត្តម និងសហការី។ ឯកឧត្តមបានគោរពថ្លែងអំណរគុណជាអនេកចំពោះសម្តេច ក៏ដូចជារដ្ឋសភាទាំងមូលដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ក្នុងការធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបានលទ្ធផលជាទីមោទនៈ។
ឯកឧត្តមបានបង្ហាញពីមោទនភាពចំពោះការដឹកនាំរដ្ឋសភារបស់សម្តេចប្រធាន ដោយបានគូសបញ្ជាក់ថា កម្ពុជាមានប្រធានរដ្ឋសភាជាស្ត្រីលើកដំបូង ចំណែកប្រទេសជប៉ុនក៏មានស្ត្រីជានាយករដ្ឋមន្ត្រីលើកដំបូងដែរ។ ឯកឧត្តមបានយល់ស្របចំពោះប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការជឿជាក់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងពលរដ្ឋនៃប្រទេសទាំងពីរ។ ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជារយៈពេល ៣ឆ្នាំមកនេះ ឯកឧត្តមបានធ្វើដំណើរគ្រប់ខេត្ត-ក្រុង និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ពលរដ្ឋខ្មែរ។
សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធអំពីកិច្ចការនយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ កម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ប្រទេសជប៉ុន ដែលយុទ្ធសាស្ត្រនេះស្របគ្នានឹងយុទ្ធសាស្ត្ររបស់អាស៊ាន និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជាគាំទ្រជានិច្ចនូវរាល់យុទ្ធសាស្ត្រទាំងឡាយណាដែលលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរវិញ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ច និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមកពីការងារនីតិកម្ម។
សម្តេចសង្ឃឹមថា ទំនាក់ទំនងស្ថាប័នរដ្ឋសភានេះនឹងកាន់តែរឹងមាំ និងមានសកម្មភាពខ្លាំងក្លាថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកអគ្គរាជទូតជប៉ុនថ្មី។ ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ភាគីជប៉ុន ជួយគាំទ្រដល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ដោយហេតុថាពេលនេះ រដ្ឋសភាកំពុងធ្វើទំនើបកម្មស្ថាប័នទៅជា សភាឌីជីថល៕
អត្ថបទ៖ ប៊ី







