ក្រុមហ៊ុន KH HAITECH នឹងសាងសង់រោងចក្រផលិតថេប្លេតម៉ាកខ្មែរ នៅភ្នំពេញ

ភ្នំពេញ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២២០២៦ — ក្រុមហ៊ុន KH HAITECH ដែលបង្កើតឡើង ដោយកូនខ្មែរ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន កំពុងជំរុញការវិនិយោគក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិកនៅកម្ពុជា ដោយគ្រោងសាងសង់រោងចក្រផលិតថេប្លេតម៉ាកខ្មែរ «K Haitech» នៅរាជធានីភ្នំពេញ។

Haitech-Haier Global Business គឺជាបុត្រសម្ព័ន្ធមួយក្នុងប្រព័ន្ធអាជីវកម្មរបស់ Haier Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយលើពិភពលោកក្នុងការផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុន Haier មានវត្តមាននៅជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក និងត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោឈានមុខគេក្នុងវិស័យនេះ។

KH HAITECH បានបញ្ជាក់ថា ខ្លួនជាក្រុមហ៊ុនផលិតដោយផ្ទាល់ មិនមែនជាក្រុមហ៊ុននាំចូល ឬទិញ-លក់គ្រឿងអេឡិចត្រូនិកនោះទេ។ ក្រុមហ៊ុនមានគោលបំណងនាំយកបច្ចេកវិទ្យាផលិតកម្មទំនើប និងគោលការណ៍ឧស្សាហកម្ម ៤.០ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មជាតិ។

យោងតាមព័ត៌មានដែលបានបង្ហាញដោយក្រុមហ៊ុន រោងចក្រផលិតថេប្លេតម៉ាក «K Haitech» នឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៥ ហិកតា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ផលិតផលដែលនឹងផលិតនៅកម្ពុជានេះ ត្រូវបានរំពឹងថា នឹងផ្តល់ជាជម្រើសបច្ចេកវិទ្យាដែលមានតម្លៃសមរម្យសម្រាប់សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅ។

កាលពីដើមឆ្នាំ ២០២៦ ថ្នាក់ដឹកនាំ KH HAITECH បានជួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្ហាញពីផែនការវិនិយោគ និងការអភិវឌ្ឍផលិតកម្មបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ក្រសួងបានស្វាគមន៍គម្រោងនេះ និងបង្ហាញការគាំទ្រចំពោះការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុក។

ជាមួយគ្នានេះ ក្រុមហ៊ុន KH HAITECH ក៏បានផ្តល់សិទ្ធិចែកចាយលក់រាយដល់ក្រុមហ៊ុននានា ក្នុងការត្រៀមដាក់លក់ផលិតផល «K Haitech» នៅលើទីផ្សារកម្ពុជានាពេលខាងមុខ។

ការវិនិយោគនេះ ស្របពេលដែលកម្ពុជាកំពុងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ប្រសិនបើគម្រោងនេះដំណើរការតាមផែនការ វាអាចក្លាយជាជំហានសំខាន់មួយក្នុងការបង្កើតឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុក និងជួយលើកកម្ពស់វិស័យបច្ចេកវិទ្យារបស់កម្ពុជានៅពេលអនាគត៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times