ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ បានអនុញ្ញាតឱ្យលោក Gilles Rocquelain នាយកប្រតិបត្តិក្រុមហ៊ុនបារាំង BRL Ingénierie និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

គួរឱ្យដឹងថា ក្រុមហ៊ុន BRL Ingénierie គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ និងវិស្វកម្មដ៏ល្បីល្បាញរបស់បារាំង ដែលមានឯកទេសខ្ពស់លើការគ្រប់គ្រងធនធានទឹក កសិកម្ម និងសេវាកម្មបរិស្ថាន។ បច្ចុប្បន្ន ក្រុមហ៊ុននេះ បាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Compagnie Nationale d’Aménagement de la Région du Bas Rhône et du Languedoc ដែលមានបទពិសោធន៍តាំងពីឆ្នាំ ១៩៥៥មកម៉្លេះ។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីធនធានទឹក បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Gilles Rocquelain និងប្រតិភូក្រុមហ៊ុន BRL Ingénierie ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះបំណងពង្រីកការវិនិយោគនៅកម្ពុជា។ ការវិនិយោគនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិស័យអាទិភាព សំដៅជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ តាមរយៈការបង្កើនការចូលរួមពីវិស័យឯកជន។

បន្ថែមលើនេះ ឯកឧត្តម ថោ ជេដ្ឋា ក៏បានលើកឡើងអំពីទិសដៅការងារអាទិភាព របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការបន្តកសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងឧតុនិយម។ ម្យ៉ាងទៀត ក៏បានបញ្ជាក់ពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ និងធានាឱ្យបាននូវសន្តិសុខទឹកប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក



