គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៦៨%ហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨% ដែលលឿនជាងផែនការ៦%។

តាមដានជាមួយយើង៖ Million Times

គម្រោងនេះ ត្រូវបានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។

ក្រសួងសាធារណការ បានឱ្យដឹងបន្តថា វឌ្ឍនភាពគម្រោងសម្រេចបានរួមមាន៖ ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩% រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨% ធ្នឹម T ចាក់ ១៨០ដើម សម្រេចបាន ១៣២ ដើម ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម។

ចំណែកបណ្តាញផ្លូវសម្រេចបាន ៤៤.៤% តភ្ជាប់ សម្រេចបាន ៥០% ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២% ហើយគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៧ខាងមុខ។

ក្រសួងសាធារណការ បានលើកឡើងថា នៅពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។

ម្យ៉ាងទៀត ក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ