រដ្ឋបាលខេត្តសៀមរាប ជំរុញគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត និងតាមដងស្ទឹង

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃ ជំហានទី២ ពិសេសគឺផ្ដោតសំខាន់លើគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត (Pub Street) និងតាមដងស្ទឹងសៀមរាប។ នេះយោងតាមការចេញផ្សាយរបស់មន្ទីព័ត៌មានខេត្តសៀមរាប។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីក្រុមអ្នកជំនាញ JICA ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាកល្បងនៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ជំហានទី២។

កិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើការពិភាក្សាចំពោះការអនុវត្តវិធីសាស្ត្របច្ចេកវិទ្យាឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងជាការចងក្រងទិន្នន័យ និងលទ្ធផលការងារសម្រាប់ដាក់ជូនកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

បើតាមតំណាងក្រុមការងារបានបង្ហាញថា កិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត និងតាមដងស្ទឹងសៀមរាប ដើម្បីជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្តលើសពីតំបន់ផាប់ស្ទ្រីត បង្កើនភាពទាក់ទាញនៅតំបន់ជុំវិញ ជាពិសេសដងស្ទឹងសៀមរាប ដែលជាទីតាំងគម្រោងសាកល្បង។

តាមដានជាមួយយើង៖ Million Times

គម្រោងនេះ ជាការពង្រីកភាពរស់រវើកនៃតំបន់ផាប់ស្ទ្រីត ជំរុញការដើរកម្សាន្តក្នុងក្រុងឱ្យកាន់តែទូលំទូលាយជាងមុន និងគាំទ្រដល់ការស្នាក់នៅថែមមួយទៀត។ ជារួមសកម្មភាពនីមួយៗ ធ្វើឡើងដោយកិច្ចការរួមគ្នា ដែលផ្សំដោយការដោះស្រាយឆ្លាតវៃ និងគំនិតផ្ដួចផ្ដើមមិនឌីជីថល និងដែលមានសង្គតិភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃខេត្តសៀមរាប។

ក្រៅពីនោះ សម្រាប់កាលវិភាគអនុវត្តសកម្មភាពបណ្ដោះអាសន្ន ដែលយើងមានគម្រោងសាកល្បងចំនួន៨ ហើយពេលវេលាដំណើរការដេញថ្លៃនឹងធ្វើឡើងខុសៗគ្នាសម្រាប់សាកល្បងនីមួយៗ រួមមាន៖ ការតាមដានលំហូរមនុស្ស, ការផ្សព្វផ្សាយកិត្តិនាមតាមរយៈបណ្ដាញសង្គម, វិធីសាស្ត្រធ្វើឱ្យដងស្ទឹងមានភាពបៃតង, ការលើកកម្ពស់ចរាចរណ៍ទីក្រុង, ផ្លាកសញ្ញាឌីជីថល, ការប្រើប្រាស់ទីធ្លាសាធារណៈ, ការឆ្លើយតបអគ្គីភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។

តំណាងក្រុមការងារក៏បានបង្ហាញទៀតថា ដើម្បីឱ្យសម្រេចបានតាមការគ្រោងទុក ពិតណាស់យើងទាមទារឱ្យមានការពង្រឹងលើការងារសន្តិសុខ និងផាសុកភាព នៃតំបន់សំខាន់ៗទាំង២ ទាំងតំបន់ផាប់ស្ទ្រីត និងដងស្ទឹង ជំរុញធ្វើយ៉ាងណាភ្ជាប់ទីតាំងនានាចូលគ្នា តាមរយៈការថ្មើរជើង។ ជាមួយគ្នានេះយើងក៏ជឿជាក់ថា គម្រោងនេះនឹងជួយឱ្យតំបន់ផាប់ស្ទ្រីត មានសុវត្ថិភាពជាមុន ងាយស្រួលដើរជាងមុន និងរីករាយជាងមុន ជាមួយនឹងការប្រើប្រាស់ទីធ្លាសាធារណៈបានកាន់តែល្អប្រសើរឡើង។ ចំពោះដងស្ទឹងសៀមរាប ក៏នឹងមានភាពទាក់ទាញ ភាពងាយស្រួល និងបទពិសោធរបស់អ្នកទស្សនាកាន់តែល្អប្រសើរឡើង ដោយដាក់ទីតាំងដងស្ទឹងជាមជ្ឍមណ្ឌលសកម្មភាពទីក្រុងឆ្លាតវៃ។

លោក យុន លីនណេ អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងទីក្រុងឆ្លាតវៃពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទំនើប និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ គម្រោងជំហានទី២នេះ ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងបញ្ហាទីក្រុង ជាអាទិ៍ដូចជា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន, ការសម្រួលចរាចរណ៍ និងសុវត្ថិភាពសាធារណៈ និងជាការបង្កើតប្រសិទ្ធភាពសេវាសាធារណៈជូនពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ។

លោក យុន លីនណេ បន្តថា ចំពោះការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់កិច្ចប្រជុំ JCC ខាងមុខ គឺជាជំហានគន្លឹះ ដើម្បីធានាថាការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីក្រុង។

ក្នុងន័យនេះ ក៏សូមឱ្យអ្នកពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដៃគូសហការ ចូលរួមក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគ ព្រោះដើម្បីខេត្តសៀមរាបយើងទាំងមូល។ ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសក្រុមការងារ JICA ដើម្បីជំរុញគម្រោងនេះ ឱ្យស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ប៊ី, ប្រភព៖ មន្ទីព័ត៌មានខេត្តសៀមរាប