អ្នកឧកញ៉ា លឹម ហេង គាំទ្របទបញ្ជានាយករដ្ឋមន្ត្រីឱ្យបន្តបង្ក្រាបបទល្មើស Scam Online

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រចំពោះបទបញ្ជានាយករដ្ឋមន្ត្រី ដែលឱ្យអនុវត្តឱ្យបានម៉ត់ចត់ និងគ្មានការលើកលែង ចំពោះករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។

តាមដានជាមួយយើង៖ Million Times

ការបង្ហាញការគាំទ្របែបនេះ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យអនុវត្តឱ្យបានម៉ត់ចត់ និងគ្មានការលើកលែងចំពោះករណី Scam Online។

តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ អ្នកឧកញ៉ា លឹម ហេង បានសរសេរថា អ្នកឧកញ៉ា គាំទ្រសម្តេចនាយករដ្ឋមន្ត្រីលុបបំបាត់ឈ្មួញ និងអ្នកគប់គិតល្បែងខុសច្បាប់ឱ្យអស់ពីសង្គមកម្ពុជា។

អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម បានបន្ថែមថា ឃុំ-សង្កាត់ មានសុវត្ថិភាពទើបធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមសំណេរនៅលើហ្វេសប៊ុកដដែលនេះ អ្នកឧកញ៉ា លឹម ហេង ក៏បានថ្កោលទោសចំពោះពួកចោទកម្ពុជាថា ជា Scambodia ផងដែរ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បត្តិ៍ សម្ដេចនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។

ប្រមុខរាជរដ្ឋាភិបាល ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះ ដោយគ្មានបង្អង់ដៃឡើយ។

សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម