រដ្ឋាភិបាលចិន បានគាំទ្រលើវិស័យយោធាកម្ពុជា ដោយនឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ។

ការគាំទ្របែបនេះ គឺបន្ទាប់ពីកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន នៅថ្ងៃទី២២ ខែមេសា នារាជធានីភ្នំពេញ។

ឯកឧត្តម ទៀ សីហា បានលើកឡើងនៅថ្ងៃទី២៣ ខែមេសានេះថា ឯកឧត្ដម ជឿជាក់ថា វត្តមានរបស់លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ បានលើកឡើងថា កម្ពុជា ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។

បើតាមឯកឧត្តម ទៀ សីហា ដដែល ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស បានឱ្យដឹងដែរថា កិច្ចសន្ទនានេះ បានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ទៀ សីហា



