អបអរ! ក្តាមថ្មខេត្តកោះកុង បានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្រ្ត

នេះ​ជា​មោទនភាព​មួយ​ទៀត សម្រាប់​ប្រជាពលរដ្ឋខេត្តកោះកុង ក៍ដូចប្រទេសកម្ពុជាទាំងមូល ដែល​ក្ដាម​ថ្ម​របស់​ខេត្ត​កោះកុង ត្រូវ​បាន​ចុះបញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI។

តាមដានជាមួយយើង៖ Million Times

ក្ដាម​ថ្ម​ខេត្ត​កោះកុង ត្រូវ​បាន​ចុះ​បញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តបែប​ស្តង់ដារ​អន្តរជាតិ​ហើយ ដោយ​បង្កើត​ជា​សមាគម​អភិរក្ស​ក្ដាម​លើក​ដំបូង​ទៀតផង។ នា​ពេល​អនាគត ក្តាមថ្ម​ខេត្ត​កោះកុង អាច​នាំ​ចេញ​ក្រៅ​ប្រទេស​បាន ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ដែល​ចិញ្ចឹម​ក្តាម កាន់តែ​ល្អ​ប្រសើរ។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម អង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធ បានបង្កើតសមាគមអភិរក្សក្តាមថ្មលើកដំបូង ក្រោយពីផលិតផលខេត្តកោះកុងមួយនេះ បានចុះបញ្ជីម៉កសម្គាល់ភូមិសាស្រ្តសំដៅដល់បង្កើតតម្លៃ គុណភាពស្តង់ដារ និងការប្រកួតប្រជែងលើទីផ្សារ។


ក្នុងមហាសន្និបាតកំណើតដំបូងនៃរបស់សមាគមអ្នកអភិរក្សក្តាមថ្មខេត្តកោះកុង ឯកឧត្តមសួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងនៅថ្ងៃ ៦ ខែមីនា ឆ្នាំ២០២៦ថា ការបង្កើតជាសមាគមនេះ គឺសំដៅធ្វើយ៉ាងណាធានានូវនិរន្តរភាព បង្កើតគុណភាពតម្លៃស្តង់ដារ និងការប្រកួតប្រជែងលើទីផ្សារ ចៀសវាងមានការក្លែងបន្លំ។


ទាក់ទិននឹងការបង្កើតសមាគមអភិរក្សក្តាមថ្មនេះដែរ ត្រូវបានលោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បង្ហាញ​ពីមោទនភាពដែលខេត្តទទួលបានការចុះបញ្ជីម៉ាកក្តាមថ្ម មានការទទួលស្គាល់ជាផ្លូវការកម្រិតអន្តរជាតិដែលមិនធ្លាប់មានពីមុនមក៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត