រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលីទុយអានី បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបាន គូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគាំទ្រការប្រើប្រាស់វិធីសាស្ត្រការទូត និងផ្លូវច្បាប់ សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងជំនួបកិច្ចពិភាក្សាការងាររវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក កេស្ទូទីស ប៊ូឌ្រីស រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋលីទុយអានី ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រី នៅកម្ពុជា ពីថ្ងៃ ២៤-២៥ ខែមេសា ឆ្នាំ ២០២៦។
ភាគីទាំង ២ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលីទុយអានី លើវិស័យគន្លឹះ រួមមាន ពាណិជ្ជកម្ម និងវិនិយោគ អប់រំ សន្តិសុខសាយប័រ ឌីជីថលនីយកម្ម ថាមពល កសិកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕



អត្ថបទ៖ឆដា, រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ



