ក្រុមហ៊ុនធំៗពីរ សហការគ្នា ដើម្បី​ពង្រឹង​ប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

ក្រុមហ៊ុន WorldBridge Group ដែលជា​ក្រុមហ៊ុន​វិនិយោគពហុវិស័យ និងឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខា​ ​លើកិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនដឹកជញ្ជូនរហ័ស DRSB Express ដើម្បីពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមាន​ការចុះហត្ថលេខាពី អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និង លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express។

កិច្ចសហប្រតិបត្តិការនេះ បង្កើតជាក្របខ័ណ្ឌសម្រាប់ការសហការរវាងក្រុមហ៊ុនទាំងពីរ ដោយប្រើប្រាស់​ចំណុចខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សំដៅលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើន​ប្រសិទ្ធភាព​សម្រាប់អតិថិជន។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន DRSB Express នាំមកនូវជំនាញយ៉ាងស៊ីជម្រៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម​ឆ្លងដែន ដោយដំណើរការរួមបញ្ចូលគ្នាយ៉ាងពេញលេញ ដែលភ្ជាប់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ជាមួយអ្នកប្រើប្រាស់នៅ​ក្នុងប្រទេសកម្ពុជា តាមរយៈការគ្របដណ្តប់ការដឹកជញ្ជូនដល់គោលដៅទូទាំងប្រទេស។

តាមរយៈបទពិសោធន៍ធុរកិច្ចជាង៣ទសវត្សរ៍នៅកម្ពុជា ក្រុមហ៊ុន WorldBridge Group បាននិងកំពុង​រួមចំណែកយ៉ាងទូលំទូលាយរបស់ខ្លួនលើវិស័យភស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយ​នឹងបណ្តាញ​ភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបាន​បង្កើតឡើង។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់ និងអភិវឌ្ឍឱកាសដែលផ្តល់ផល​ប្រយោជន៍​ទៅវិញទៅមក ដោយផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន ការកែលម្អប្រសិទ្ធភាព​ខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក។ កិច្ចព្រមព្រៀងនេះក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេស។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ DRSB Express ជាផ្លូវការ”។ “DRSB បានបង្កើតវេទិកាដ៏រឹងមាំ និងមូលដ្ឋានអតិថិជនស្មោះត្រង់ក្នុងរយៈពេលខ្លី។ យើងមើលឃើញសក្តានុពលពិតប្រាកដក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងការចូលរួម​របស់​ប្រទេសកម្ពុជា​នៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់​កម្ពុជា”។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ តំណាងឱ្យជំហានបន្ថែមទៀតនៅក្នុងការប្តេជ្ញាចិត្ត​ជាបន្តបន្ទាប់របស់ក្រុមហ៊ុន WorldBridge Group ចំពោះវិស័យភស្តុភារកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច​ទាំងមូលរបស់ប្រទេសកម្ពុជា។ ភាគីទាំងពីរទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផលិតភាព ដែលបង្កើតគុណតម្លៃ​ និងការរីកចម្រើន​យូរអង្វែង សម្រាប់ក្រុមហ៊ុនរៀងៗខ្លួន និងសង្គមជាតិ៕

អត្ថបទ៖ ប៊ី