ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីសំណាក់ភ្ញៀវអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សមាគមបុគ្គលិកសិក្សា សហជីព និងកម្មករនិយោជិតចំនួនជាង ៥ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នៅឆ្នាំ២០២៦នេះ កម្ពុជាបានជ្រើសយកប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» គឺជាប្រធានបទដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភាដ៏មានសារសំខាន់នាពេលនេះ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ទិវាពលកម្មអន្ដរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បងប្អូនកម្មករនិយោជិត នៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក។

សម្រាប់អ្នកនាំពាក្យរូបនេះ ការជ្រើសរើសប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បី ការងារសមរម្យ សម្រាប់ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពនៃការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព ដោយឈរលើគោលការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។
អ្នកនាំពាក្យក្រសួងការងារដដែលរូបនេះ បន្ថែមថាក្នុងកម្មវិធីស្អែកនេះ សម្តេចនាយករដ្ឋមន្ត្រី នឹងថ្លែងសារសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអង្គពិធីដោយរំលេចនូវបង្ហាញពីវឌ្ឍនភាពនៃវិស័យការងារ និងសមិទ្ធផលកន្លងមករបស់រាជរដ្ឋាភិបាលដែលបានអនុវត្តកន្លងមក និងទិសដៅទៅមុខដើម្បីឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងវិស័យទាំងមូលផងដែរ៕




អត្ថបទ៖ ប៊ី



