សមាគមកម្ពុជា-អាស៊ានប្តេជ្ញាទាក់ទាញក្រុមហ៊ុនភាពយន្តធំៗចិនមកកម្ពុជា

ភ្នំពេញ៖ សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗពីប្រទេសចិន និងតំបន់រដ្ឋបាលពិសេសហុងកុង មកថតភាពយន្តខ្នាតធំនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។

ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bo Shanglang ប្រធានសមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន រួមជាមួយសហការី និងវិនិយោគិនចិន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ចិន ជាពិសេសលើគំនិតផ្តួចផ្តើម «ទេសចរណ៍ និងភាពយន្ត»។

ឯកឧត្តម ហួត ហាក់ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាគម និងវិនិយោគិនចិន ក្នុងការគាំទ្រ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាទៅកាន់ប្រជាជន សហគ្រាស និងវិនិយោគិននៅចិន។

ឯកឧត្តមបានលើកឡើងថា ក្រសួងទេសចរណ៍កំពុងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការផលិតភាពយន្តទេសចរណ៍នៅកម្ពុជា ក្នុងគោលបំណងប្រែកម្ពុជាឱ្យក្លាយជាគោលដៅថតភាពយន្តអន្តរជាតិ។

តាមក្រសួង កិច្ចការនេះរួមមានការសម្រួលនីតិវិធី ការបង្កើតយន្តការច្រកចេញ-ចូលតែមួយ និងការផ្សព្វផ្សាយទីតាំងថតភាពយន្តនៅកម្ពុជា ដែលមានទាំងប្រាសាទ បេតិកភណ្ឌវប្បធម៌ ឆ្នេរសមុទ្រ ព្រៃភ្នំ និងតំបន់ធម្មជាតិ។

ជាមួយគ្នានេះ លោក Bo Shanglang បានបង្ហាញការប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗរបស់ចិន និងហុងកុង មកថតភាពយន្តខ្នាតធំនៅកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពពិត និងសុវត្ថិភាពនៅកម្ពុជាទៅកាន់ប្រជាជន និងធុរជនចិន។

លោកបានបញ្ជាក់ថា កិច្ចសហការនេះក៏មានគោលបំណងពង្រឹងការតភ្ជាប់បណ្តាញធុរកិច្ច និងការវិនិយោគរវាងកម្ពុជា និងចិនផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ហួត ហាក់ បានស្នើឱ្យសមាគមបន្តផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជា ព្រមទាំងផ្សព្វផ្សាយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្ត អ្នកបង្កើតមាតិកា និងវិនិយោគិនចិនមកកម្ពុជា។

ឯកឧត្តមក៏បានស្នើឱ្យសមាគមរៀបចំកម្មវិធី FAM Trip សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកផលិតមាតិកា និងសារព័ត៌មានចិន ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបរិយាកាសវិនិយោគរបស់កម្ពុជា។

សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន មានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការតភ្ជាប់ធុរកិច្ចរវាងកម្ពុជា និងចិន ហើយមានបណ្តាញការិយាល័យតំណាងនៅទីក្រុងប៉េកាំង ខេត្តធំៗក្នុងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times