ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា ចុះ MoU រៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆាប់ៗនេះ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​កម្ពុជា (CCIFC) បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី​សហការ​រៀបចំ «វេទិកា​ធុរកិច្ច​កម្ពុជា-បារាំង លើកទី៣» ដែលគ្រោង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ ៣ ខែ​កញ្ញា ឆ្នាំ២០២៦ ម្សិលមិញ នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល លោក ទិត សីច័ន្ទលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គោល​នយោបាយ និង​ជំរុញ​ពាណិជ្ជកម្ម និង​លោក Julien Bert អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​កម្ពុជា (CCIFC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បី​សហការ​រៀបចំ​វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ការ​ចុះហត្ថលេខាលើ MOU នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម តំណាង​សភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្មបារាំងប្រចាំកម្ពុជា (CCIFC), ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេសនៃប្រទេសបារាំង ប្រចាំ​កម្ពុជា (CCEF), ស្ថានទូត​បារាំង​ប្រចាំកម្ពុជា និង​បណ្ដា​ក្រុមហ៊ុន ដែល​ជា​ដៃគូ​ឧបត្ថម្ភ​ផង​ដែរ។

វេទិកាធុរកិច្ចកម្ពុជា-បារាំង ដើរ​តួនាទី​ជាវេទិកាដ៏សំខាន់មួយក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និង​បារាំង លើកកម្ពស់​ភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំង​បង្កើត​ឱកាស សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​វិនិយោគិន ដែល​កំពុង​ប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា និង​តំបន់។

កិច្ចសហការ​ជិតស្និទ្ធ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​សម្រួល​ដល់​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ក្រុមហ៊ុន​បារាំង ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ព្រម​ទាំង​ជួយ​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ធុរកិច្ច និង​ទាក់ទាញ​ក្រុមហ៊ុន​បារាំង​ថ្មីៗ​បន្ថែម​ទៀត​មក​បណ្ដាក់​ទុន និង​ទាញ​យក​កាលានុវត្ត​ភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ លើស​ពី​នេះ កិច្ច​សហប្រតិបត្តិការ​នឹង​រួម​ចំណែក​ទាក់ទាញ​បច្ចេកវិទ្យា ចំណេះដឹង និង​ស្តង់ដារ​ប្រតិបត្តិការ​កម្រិតខ្ពស់ មក​ពង្រឹង​​សមត្ថភាព និង​ការ​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន​កម្ពុជា​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើក ២០ នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២៦ ខាង​មុខ​នេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹង​មាន​ការ​ចូលរួម​ពី​ប្រមុខ​ដឹកនាំ និង​តំណាង​រដ្ឋ​ជា​សមាជិក​នៃ​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រម​ទាំងស្ថាប័នដៃគូនានាជាច្រើន។ តាម​ការ​គ្រោង​ទុក ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក៏​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ផងដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce