ភ្នំពេញ៖ សកម្មភាពនៅផ្សារមូលបត្រកម្ពុជា (ផមក) បានស្ទុះឡើងខ្លាំងក្នុងខែសីហា ឆ្នាំ២០២៦ ដោយសន្ទស្សន៍ទីផ្សារឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤ឆ្នាំ ខណៈទំហំជួញដូរជាមធ្យមប្រចាំថ្ងៃកើនជិត ៣០០% និងចំនួនវិនិយោគិនសកម្មបានបំបែកកំណត់ត្រាថ្មី។
យោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងខែសីហា បានកើនដល់ ៣.១៧៥ លានរៀល ឬជិត ៨០ម៉ឺនដុល្លារអាមេរិក ដែលកើនឡើងប្រមាណជិត ៣០០% បើធៀបនឹងទំហំជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦។
ក្នុងខែសីហា សន្ទស្សន៍ ផមក បានបិទនៅត្រឹម ៥៤១,០២ ពិន្ទុ កើនឡើង ១៨% ក្នុងខែនេះ និងកើនជិត ២៨% គិតចាប់ពីដើមឆ្នាំ។ ជាពិសេស នៅថ្ងៃទី២៦ ខែសីហា សន្ទស្សន៍បានហក់ឡើងដល់ ៥៦០,០៩ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២។
ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា សន្ទុះវិជ្ជមាននេះកើតឡើងដោយសារកត្តាមួយចំនួន រួមមាន ថ្លៃភាគហ៊ុននៅមានភាពទាក់ទាញ បើធៀបនឹងសក្តានុពល និងមូលដ្ឋានគ្រឹះអាជីវកម្ម ព្រមទាំងអត្រាទិន្នផលភាគលាភក្នុងឆ្នាំកន្លងមកមានលក្ខណៈល្អប្រសើរ។
ជាមួយគ្នានេះ លទ្ធផលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចុះបញ្ជីនីមួយៗ ក៏បង្ហាញពីភាពវិជ្ជមាន និងកំណើនល្អក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ដែលបានជួយគាំទ្រដល់សុទិដ្ឋិនិយមរបស់វិនិយោគិនចំពោះទីផ្សារ។
ការកើនឡើងនៃសន្ទនីយភាពក៏មានការចូលរួមយ៉ាងសកម្មពីវិនិយោគិនស្ថាប័ន ដែលបានរួមចំណែកក្នុងការបង្កើនទំនុកចិត្ត និងពង្រីកសក្តានុពលរីកចម្រើនរបស់ទីផ្សារមូលបត្រកម្ពុជា។
ទន្ទឹមនឹងសកម្មភាពជួញដូរកើនឡើង ចំនួនគណនីជួញដូរថ្មីក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងខែសីហា មានការបើកគណនីជួញដូរថ្មីចំនួន ២.០០៦ គណនី ដែលបង្ហាញពីការយល់ដឹងកាន់តែទូលំទូលាយ និងចំណាប់អារម្មណ៍របស់សាធារណជនចំពោះឱកាសវិនិយោគក្នុងទីផ្សារភាគហ៊ុន។
ក្នុងពេលជាមួយគ្នា ចំនួនវិនិយោគិនសកម្មក្នុងខែសីហា បានកើនដល់ ៧.៩០១នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ វិនិយោគិនសកម្ម សំដៅលើវិនិយោគិនដែលបានធ្វើប្រតិបត្តិការជួញដូរជោគជ័យយ៉ាងតិចម្តងក្នុងអំឡុងខែ។
ការកើនឡើងនេះបង្ហាញពីការចូលរួមកាន់តែសកម្មរបស់វិនិយោគិនថ្មី ខណៈវិនិយោគិនចាស់ក៏បានវិលត្រឡប់ចូលទីផ្សារឡើងវិញ ដើម្បីបង្កើនការវិនិយោគ និងទាញយកផលចំណេញពីឱកាសនៅក្នុងទីផ្សារ។
ផ្សារមូលបត្រកម្ពុជា បានចាត់ទុកការកើនឡើងនៃសកម្មភាពជួញដូរ និងការចូលរួមរបស់វិនិយោគិននេះថា ជាសក្ខីភាពមួយបង្ហាញពីសក្តានុពលរីកចម្រើនរបស់ទីផ្សារមូលបត្រកម្ពុជា។
កំណើននៃការចូលរួមរបស់វិនិយោគិន ក៏ជាកត្តាសំខាន់ដែលជំរុញឱ្យ ផមក បន្តពង្រីកសេវាកម្ម អភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបម្រើតម្រូវការ និងផលប្រយោជន៍របស់វិនិយោគិនឱ្យកាន់តែសម្បូរបែប៕
អត្ថបទ៖ ប៊ី






