ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមរៀបចំរបបការងាររួមក្នុងការអនុម័តគម្រោងវិនិយោគ ដើម្បីផ្តល់ភាពងាយស្រួល និងច្បាស់លាស់ដល់អ្នកមកទទួលសេវា តាមរយៈច្រកចេញចូលតែមួយ ដោយមិនតម្រូវឱ្យអ្នកស្នើសុំទៅកាន់ស្ថាប័នជំនាញជាច្រើនកន្លែង។
ការរៀបចំនេះមានគោលបំណងកាត់បន្ថយការខាតពេលវេលា និងភាពស្មុគស្មាញ ព្រមទាំងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះគម្រោងមួយចំនួនដែលក្រសួងកំពុងដោះស្រាយនាពេលបច្ចុប្បន្ន។
ឆ្លើយតបនឹងការងារនេះ ក្រសួងដែនដីបានដឹកនាំ និងសម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជា បុរី និងខុនដូ នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange) ហៅកាត់ថា CamDX។
តាមក្របខណ្ឌនេះ ក្រសួងជំនាញនីមួយៗនឹងទទួលខុសត្រូវលើការងារតាមជំនាញរបស់ខ្លួន។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងពិនិត្យលើផ្នែកសុរិយោដី ការរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន។ ផ្នែកសុរិយោដី នឹងពិនិត្យថាទីតាំងអភិវឌ្ឍមានឯកសារកាន់កាប់ដីស្របច្បាប់ឬយ៉ាងណា ខណៈផ្នែករៀបចំដែនដី នឹងពិនិត្យថាទីតាំងនោះសមស្របសម្រាប់ពាណិជ្ជកម្ម សេដ្ឋកិច្ចពិសេស ប្រជុំជន កសិកម្ម ឬលំនៅឋាន។
ចំណែកផ្នែកនគរូបនីយកម្ម នឹងពិនិត្យលើកម្ពស់អតិបរមានៃសំណង់ គម្លាតសមស្រប លំហសាធារណៈ កន្លែងទុកដាក់សំណល់រឹង និងរាវ ព្រមទាំងចំណត។ ផ្នែកសំណង់ នឹងផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ខណៈផ្នែកលំនៅឋាន នឹងពិនិត្យប្រភេទលំនៅឋានថាតើជាបុរីលំនៅឋានប្រណិតលំដាប់ខ្ពស់ លំដាប់មធ្យម លំនៅឋានតម្លៃសមរម្យ ឬខុនដូ។
ក្រសួងមហាផ្ទៃ នឹងពិនិត្យការរៀបចំឋានានុក្រមរដ្ឋបាល ភូមិ និងឃុំ ឱ្យសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន។
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងពិនិត្យការផ្គត់ផ្គង់ទឹកឱ្យមានផែនការជាក់លាក់ ខណៈក្រសួងរ៉ែ និងថាមពល នឹងពិនិត្យការផ្គត់ផ្គង់អគ្គិសនីឱ្យអនុវត្តទៅតាមគម្រោងច្បាស់លាស់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពិនិត្យការតភ្ជាប់បណ្តាញទូរសព្ទ និងអ៊ីនធឺណែតឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។ រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យការបំពេញលក្ខខណ្ឌរបស់អ្នកស្នើសុំ ដើម្បីផ្តល់អាជ្ញាបណ្ណ បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងជំនាញ។
ក្រសួងដែនដីបានបញ្ជាក់ថា តាមរយៈការរៀបចំក្របខណ្ឌការងាររួមនេះ ក្រសួងសង្ឃឹមថានឹងអាចក្លាយជាមជ្ឈមណ្ឌលផ្តល់សេវាដែលមានភាពងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
ការរៀបចំក្របខណ្ឌនេះ ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំក្របខណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបុរី និងខុនដូ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍលំនៅឋាននៅកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕
អត្ថបទ៖ ប៊ី






