លោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងជាសាធារណៈកាលពីពេលថ្មីៗថា ធនាគារពិភពលោក កំពុងជួយអភិវឌ្ឍន៍កម្ពុជាលើគម្រោង ២២ ដែលមានទំហំទឹកប្រាក់ ២ ០០០ លានដុល្លារ។
លោកស្រី TANIA MEYER បានថ្លែងថា បច្ចុប្បន្ន ធនាគារពិភពលោក កំពុងវិនិយោគគម្រោង ២២ នៅកម្ពុជា ដែលមានទឹកប្រាក់សរុប ២ ០០០ លានដុល្លារ។ ក្នុងនោះការវិនិយោគលើវិស័យដឹកជញ្ជូន គឺធំជាងគេក្នុងទឹកប្រាក់ ៦២៥លានដុល្លារ លើគម្រោងចំនួន៤។ នេះជាការលើកឡើងក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវ ៣ ខ្សែប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ តម្លៃជិត ៤៤ លានដុល្លារ ក្រោមកម្ចីរបស់ធនាគារពិភពលោក នាភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ កាលពីព្រឹកថ្ងៃ ២៥ ខែ សីហា ឆ្នាំ ២០២៦។
គម្រោងផ្នែកដឹកជញ្ជូននេះ រំពឹងជួយកែលម្អប្រវែងផ្លូវប្រមាណ ១ ១០០ គីឡូម៉ែត្រ ព្រមទាំងពង្រឹងប្រព័ន្ធភស្តុភារកម្ម និងភាពធន់ទៅនឹងអាកាសធាតុ។ លោកស្រីបានបញ្ជាក់ថា “ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត យើងក៏មានមោទនភាពក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់ការគ្រប់គ្រងទ្រព្យសកម្មផ្លូវថ្នល់របស់កម្ពុជា ដែលជាសសរស្ដម្ភសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស និងធានាបាននិរន្តរភាពក្នុងការវិនិយោគ»។
មិនតែប៉ុណ្ណោះ ធនាគារពិភពលោក ក៏កំពុងការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សកម្ពុជា ចាប់ពីការអប់រំកុមារតូចរហូតដល់មធ្យមសិក្សា សុខភាព អាហារូបត្ថម្ភ សេវាទឹកស្អាត និងអនាម័យ ក៏ដូចជាការអនុវត្តជំនាញផងដែរ។
ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានបន្តរៀបរាប់ថា ថ្មីៗនេះ ធនាគារពិភពលោក បានអនុម័តកម្ចីវិនិយោគ ១៥០ លានដុល្លារ សម្រាប់ដំណាក់កាលទី១ នៃគម្រោងកែលំអការតភ្ជាប់តំបន់កម្ពុជា។ គម្រោងនេះ ត្រូវបែងចែកជា២ដំណាក់កាល ដែលទឹកប្រាក់សរុប ៣៥០ លានដុល្លារ។ គម្រោងនេះ នឹងជួយកែលម្អរបៀងដឹកជញ្ជូនពីខេត្តសៀមរាប ទៅកាន់ខេត្តរតនគិរី និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅបណ្ដាខេត្តភូមិភាគឦសាន ព្រមទាំងគាំទ្រដល់ការសម្រួលពាណិជ្ជកម្ម និងពង្រឹងសមត្ថភាពភស្តុភារកម្ម៕
អត្ថបទ៖ ឆដា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia




