ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន (China EXIM Bank – CEXIM) បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនានានៅកម្ពុជា ជាពិសេសការអភិវឌ្ឍរបៀងសេដ្ឋកិច្ចអមសងខាងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក.អ.ក. បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ CEXIM ដឹកនាំដោយលោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាល CEXIM អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៅកម្ពុជា។
ក្នុងជំនួប ឯកឧត្តម ស៊ុន ចាន់ថុល បានរំលឹក និងថ្លែងអំណរគុណចំពោះមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងតែងផ្តល់ការគាំទ្រយ៉ាងសកម្ម និងទាន់ពេលវេលាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗនៅកម្ពុជា។
ឯកឧត្តមបានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពការងារនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ព្រមទាំងបង្ហាញចក្ខុវិស័យក្នុងការអភិវឌ្ឍរបៀងសេដ្ឋកិច្ចអមសងខាងគម្រោង និងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
គោលដៅគឺដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ខណៈដែលការអភិវឌ្ឍក៏ត្រូវគិតគូរខ្ពស់ដល់បរិស្ថាន និងប្រព័ន្ធជីវៈចម្រុះ ដើម្បីទាញយកប្រយោជន៍ជូនប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែក។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនគណៈប្រតិភូអំពីបេសកកម្មផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនៅទីក្រុង Xiamen និងទីក្រុង Shenzhen ប្រទេសចិន។
ក្នុងនោះ ឯកឧត្តមបានគាំទ្រគំនិតផ្តួចផ្តើមរបស់លោក Chen Huaiyu ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគរួមគ្នា ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនអភិវឌ្ឍក្នុងតំបន់របៀងសេដ្ឋកិច្ចអមសងខាងគម្រោងហ្វូណនតេជោ។
ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដែលមានភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់អាស៊ាននាពេលខាងមុខ។
ជាការឆ្លើយតប លោក Chen Huaiyu បានរំលឹកដោយក្តីរីករាយអំពីជំនួប និងកិច្ចសន្ទនាជាមួយឯកឧត្តម ស៊ុន ចាន់ថុល កាលពីឆ្នាំកន្លងទៅនៅទីក្រុង Xiamen និងបានសម្តែងការចាប់អារម្មណ៍ជាថ្មីចំពោះគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ បន្ទាប់ពីបានសិក្សាស្វែងយល់យ៉ាងលម្អិត និងបានឃើញវឌ្ឍនភាពការងារដែលកំពុងអនុវត្ត។
លោកបានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារមិត្តភាពពិតប្រាកដ និងការប្តេជ្ញាចិត្តនយោបាយខ្ពស់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកបានបន្ថែមថា ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំកំពូល ភាគីទាំងពីរកម្ពុជា-ចិន មានកាតព្វកិច្ចរួមគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោក Chen Huaiyu បានជម្រាបថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ CEXIM បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាដៃគូ រួមទាំងប្រទេសកម្ពុជាផងដែរ។
លោកក៏បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា បន្ទាប់ពីបានធ្វើដំណើរមកដល់ប្រទេស ហើយបានគូសបញ្ជាក់ថា ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច និងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងចិន គឺជាកត្តាស្នូលក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសយោគយល់គ្នា ទំនុកចិត្តខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ ប៊ី








