ក្រុមហ៊ុន ជីប ម៉ុង បានកំពុងនាំយកអ្នកជំនាន់ក្រោយដែលពោរពេញដោយសមត្ថភាព ហើយសុទ្ធសឹងតែជាកូនចៅប្រុសស្រីរបស់ខ្លួន ហើយជាក់ស្ដែងៗថ្មីៗនេះ កូនប្រុសៗរបស់សហស្ថាបនិក ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានបន្តចូលរួមក្នុងសម្ព័ន្ធដ៏ធំរបស់ក្រុមគ្រួសារ។
ក្នុងនោះ លោក អ៊ឹង ឬទ្ធី កូនប្រុសច្បងរបស់អ្នកឧកញ៉ា លាង ម៉េង ត្រូវបានតែងតាំងជា អគ្គនាយកបន្តវេន នៃធនាគារ ជីប ម៉ុង ដែលជាការបន្តចក្ខុវិស័យ និងការប្ដេជ្ញាចិត្តក្នុងការជំរុញធនាគារឲ្យបន្តរីកចម្រើន និងឈានទៅមុខយ៉ាងរឹងមាំ។
លោក អ៊ឹង ឬទ្ធី ទើបត្រឡប់មកពីបរទេស ដើម្បីសន្សំបទពិសោធន៍នៅប្រទេសធំ រង់ចាំថ្ងៃស័ក្តិសមវិលមកជួយក្រុមហ៊ុនរបស់គ្រួសារធំ ជីប ម៉ុង។ ធនាគារ ជីប ម៉ុង បានរៀបចំពិធីស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក អ៊ឹង ឬទ្ធី និងភរិយា ក្នុងការចូលរួមបំពេញការងារក្នុងក្រុមហ៊ុន។
ធនាគារ ជីប ម៉ុង ជឿជាក់សមត្ថភាព ចក្ខុវិស័យ និងភាពជាអ្នកដឹកនាំរបស់លោក អ៊ឹង ឬទ្ធី ថា នឹងរួមចំណែកជំរុញការអភិវឌ្ឍន៍ថ្មីៗ លើកកម្ពស់នវានុវត្តន៍ និងបង្កើតតម្លៃកាន់តែប្រសើរជូនអតិថិជន ដើម្បីនាំ ធនាគារ ជីប ម៉ុង ក្នុងនាមជាធនាគារខ្មែរ ឆ្ពោះទៅរកការរីកចម្រើនកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
គួរបញ្ជាក់ថា លោក អ៊ឹង ឬទ្ធី ទទួលបានការចាប់អារម្មណ៍ខ្លាំង នាថ្ងៃមង្គលការ ដែលបានរៀបចំឡើងកាលពីថ្ងៃ ២ ខែកក្កដា ឆ្នាំ ២០២២ ជាមួយកូនក្រមុំរូបស្រស់ ផន សុផានីសា ដែលជាចៅស្រី ឯកឧត្ដម ជា សុផារ៉ា។ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលពីមង្គលការដ៏ធំប្រចាំឆ្នាំ មានការតុបតែង និងរូបឆោមលោមពណ៌សមគ្នា ព្រមជាមួយបទចម្រៀងដែលអ្នកឧកញ៉ា លាង ម៉េង និងភរិយា ច្រៀងបរិយាយពីការទទួលស្វាគមន៍កូនប្រសាស្រីដ៏បវរ ល្បីល្បាញពេញប្រទេស៕
អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Bank




