ខេត្តបាត់ដំបងបានបង្ហាញពីសក្តានុពលកសិ-ឧស្សាហកម្ម និងឱកាសវិនិយោគក្នុងការពង្រីកការកែច្នៃកសិផល និងផលិតកម្មដែលមានតម្លៃបន្ថែម ខណៈវិស័យកសិកម្មមានចំណែក ៦២,៣២% នៃសេដ្ឋកិច្ចខេត្ត។
ការបង្ហាញនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចុះទស្សនកិច្ចនៅខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែសីហា ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគរបស់ខេត្ត ពិសេសឱកាសពង្រីកការកែច្នៃកសិផល និងផលិតកម្មដែលមានតម្លៃបន្ថែម។
អមដំណើរដំណើរទស្សនកិច្ចនេះមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធ។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តបានធ្វើបទបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសវិនិយោគរបស់ខេត្ត។ តាមការបង្ហាញនេះ វិស័យកសិកម្មមានចំណែក ៦២,៣២% នៃសេដ្ឋកិច្ចខេត្ត ខណៈក្នុងឆ្នាំ២០២៥ ខេត្តមានបរិមាណស្រូវលើសតម្រូវការជាង ១,៦៧លានតោន។
បរិមាណស្រូវលើសតម្រូវការនេះត្រូវបានចាត់ទុកជាមូលដ្ឋានសំខាន់សម្រាប់ការពង្រីកឧស្សាហកម្មកែច្នៃកសិផលនៅក្នុងខេត្ត។ បច្ចុប្បន្ន ខេត្តបាត់ដំបងមានរោងចក្រ និងសហគ្រាសសរុប ៦២៨មូលដ្ឋាន ក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវចុះបញ្ជីចំនួន ១៨៤មូលដ្ឋាន។
ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូបានចុះស្វែងយល់ពីប្រតិបត្តិការកិន និងកែច្នៃស្រូវអង្កររបស់ក្រុមហ៊ុន City Rice ព្រមទាំងតួនាទីរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មស្រូវរបស់កសិករទៅកាន់ទីផ្សារអន្តរជាតិ។
ក្រុមហ៊ុន City Rice ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ក្នុងគោលដៅចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃស្រូវអង្ករកម្ពុជា និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។
គណៈប្រតិភូក៏បានបន្តទស្សនកិច្ចនៅក្រុមហ៊ុន Misota Food ដែលជាក្រុមហ៊ុនកែច្នៃផ្លែឈើ និងកសិផលក្នុងស្រុកទៅជាផលិតផលអាហារដែលមានតម្លៃបន្ថែមខ្ពស់។ ក្រុមហ៊ុនកំពុងធ្វើទំនើបកម្មផលិតកម្ម ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព និងពង្រីកសមត្ថភាពផលិតឱ្យស្របតាមតម្រូវការទីផ្សារ។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីឱកាសក្នុងការប្រើប្រាស់សក្តានុពលកសិកម្មរបស់ខេត្តបាត់ដំបង ដើម្បីទាក់ទាញការវិនិយោគ ពង្រឹងការតភ្ជាប់រវាងវិស័យកសិកម្ម និងឧស្សាហកម្ម ពង្រីកការកែច្នៃក្នុងស្រុក និងបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារជាតិ និងអន្តរជាត៕
អត្ថបទ៖ ប៊ី








