គម្រោង​ស្ទឹង​ឃ្លៀច​ ​រំពឹង​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ ៤​ម៉ឺន​ហិកតា​ ​និង​ពង្រឹង​សន្តិសុខ​ទឹក​

​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​ឯកឧត្តម​ ​ថោ ​ជេដ្ឋា ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​វឌ្ឍនភាព​ការងារ​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​ឃ្លៀច ​ក្នុង​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ ​ដែល​គិត​ត្រឹម​ពាក់កណ្តាល​ខែ​សីហា ​សម្រេចបាន​ប្រមាណ​ ​២២​ ​ភាគរយ​។

​ការ​ចុះ​ពិនិត្យ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​នៅ​ទីតាំង​គម្រោង​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្មៀរ ​ឃុំ​តា​សាល ​និង​ភូមិ​សាមគ្គី ​ឃុំ​រស្មី​សាមគ្គី ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ​។

​ក្នុង​ឱកាស​នោះ​ ​ក៏​មាន​និស្សិត​ផ្នែក​វិស្វកម្ម​ចំនួន​ ​២០ ​នាក់ ​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចូលរួមចុះ​សិក្សា​ ​និង​ដកស្រង់​បទពិសោធន៍​ផ្ទាល់​នៅការដ្ឋាន​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹកដ៏​សំខាន់​នេះ​ផងដែរ​។

យោង​តាម​ក្រសួង​ធនធាន​ទឹក​ ​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​ឃ្លៀច ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ​៨២ គីឡូម៉ែត្រ​ពី​ក្រុង​ច្បារ​មន ​នៃ​ខេត្ត​កំពង់ស្ពឺ​។​ ​គម្រោង​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០២៥​ ​ហើយ​គិត​ត្រឹម​ពាក់កណ្តាល​ខែ​សីហា ​ឆ្នាំ​២០២៦ វឌ្ឍនភាព​ការងារ​សម្រេចបាន​ប្រមាណ​ ​២២ ភាគរយ​។

​ការងារ​សំខាន់​ៗ​របស់​គម្រោង​ ​រួម​មាន​ការ​សាងសង់​តួ​ទំនប់​មេមួយ​កន្លែង​ ​ទំនប់​បង្ហៀរ​មួយ​កន្លែង​ ​ទ្វារ​ទឹក​មួយ​កន្លែង​ អគារ​គ្រប់គ្រង​ទំនប់​មួយ​កន្លែង​ ​ផ្លូវ​ចូល​ទីតាំង​គម្រោង​មួយ​ខ្សែ​ប្រវែង​ ​១៣ ​គីឡូម៉ែត្រ ​និង​សំណង់​លូដោះ​ទឹក​មួយចំនួន​នៅ​តាម​បណ្តោយ​ផ្លូវ​។

​នៅ​ពេល​ការងារ​សាងសង់​បញ្ចប់​ជា​ស្ថាពរ ​គម្រោង​ស្ទឹង​ឃ្លៀច​មាន​សមត្ថភាព​ស្តុក​ទឹក​បាន​ប្រមាណ​ ​១១៥ លាន​ម៉ែត្រ​គូប ​និង​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធានា​សន្តិសុខ​ទឹក ​និង​កាត់បន្ថយ​គ្រោះ​ទឹកជំនន់​។

​គម្រោង​នេះ​នឹង​ផ្តល់​ទឹក​សម្រាប់​ស្រោចស្រព​ផ្ទៃដី​ស្រូវ​វស្សា​ចំនួន​ ៣៥​,​០០០​ ​ហិកតា​ ​និង​ផ្ទៃដី​ស្រូវ​ប្រាំង​ចំនួន​ ៥​,​០០០​ ហិកតា ​សរុប​ប្រមាណ​ ៤០​,០០០​ ​ហិកតា​។

​លើស​ពី​នេះ​ ​គម្រោង​នឹង​ផ្តល់​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដល់​ប្រជា​ពលរដ្ឋ​ ​និង​ការ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ​ដោយ​គ្របដណ្តប់​លើ​ខេត្ត​កំពង់ស្ពឺ ​ខេត្ត​កណ្តាល ​ខេត្ត​តាកែវ ​និង​រាជធានី​ភ្នំពេញ​។​

​គម្រោង​នេះ​ក៏​មាន​សក្តានុពល​ក្នុង​ការ​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​ កែ​លម្អ​ប្រព័ន្ធ​ជីវៈ​ចម្រុះ ​ជា​ប្រភព​ទឹក​សម្រាប់​សត្វ​ព្រៃ ​និង​បង្កើន​ផល​ត្រី​ក្នុង​តំបន់​ឱ្យ​កាន់តែ​សម្បូរ​បែប​ផងដែរ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times