កម្ពុជា​ជំរុញ​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល

​កម្ពុជា​បាន​ប្រមូលផ្តុំ​តំណាង​រដ្ឋាភិបាល​ ​ដៃ​គូ​ក្នុង​តំបន់​ ​និង​វិស័យ​ឯកជន ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ ​និង​ស្វែងរក​វិធីសាស្ត្រ​ជាក់ស្តែង​សម្រាប់​ពន្លឿន​បរិវត្ត​កម្ម​ឌីជីថល​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​។​

ការ​លើកកម្ពស់​ការ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ត្រូវ​បាន​ពិភាក្សា​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់​តំបន់​ស្តីពី​បរិវត្ត​កម្ម​ឌីជីថល ​និង​ការ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល ​ដែល​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​។

​សិក្ខាសាលា​នេះ​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​ប្រតិភូ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ​ដើម្បី​សិក្សា​ពី​គោលនយោបាយ វេទិកា​ឌីជីថល ​និង​ប្រព័ន្ធ​អេកូឡូស៊ីន​វានុវត្តន៍​ដែល​គាំទ្រ​សហគ្រាស​។

​សិក្ខា​សាលា​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ ញឹម ​ខេមរា ​រដ្ឋ​លេខាធិការ​ប្រចាំ​ការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​និង​ជា​នាយក​គម្រោង​ ​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ ១១០​នាក់​ ​មក​ពី​កម្ពុជា​ ​ចិន ឡាវ ​និង​វៀតណាម ​ព្រមទាំង​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​ដៃគូ​អភិវឌ្ឍន៍​ គ្រឹះស្ថាន​សិក្សា​ ​វិស័យ​ឯកជន ​និង​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​។​

​ឯក​ឧត្តម​ ញឹម ​ខេមរា ​បាន​លើកឡើង​ថា​ ​បរិវត្ត​កម្ម​ឌីជីថល​មិន​មែន​គ្រាន់តែ​ជា​ជម្រើស​ទៀត​ឡើយ​ ​ប៉ុន្តែ​កំពុង​ក្លាយជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព​ ​និង​ភាព​ប្រកួតប្រជែង​រយៈពេល​វែង​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​បរិវត្ត​កម្ម​ឌីជីថល​មិន​គួរ​ត្រូវ​បាន​យល់​ថា​ ​គ្រាន់តែ​ជា​ការ​ទិញ​កម្មវិធី​ ​ឬ​ឧបករណ៍​ថ្មី​ៗ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​ផ្លាស់ប្តូរ​គ្រប់​ជ្រុងជ្រោយ​នៃ​របៀប​ដែល​សហគ្រាស​ធ្វើ​ប្រតិបត្តិការ​ ​បង្កើតន​វានុវត្តន៍​ ទំនាក់ទំនង​ជាមួយ​អតិថិជន​ ​គ្រប់គ្រង​ផលិតកម្ម ​និង​បង្កើត​តម្លៃ​។

​ឯក​ឧត្តម​បាន​បន្ថែម​ថា​ ​កម្ពុជា​បាន​កំណត់​បរិវត្ត​កម្ម​ឌីជីថល​ជា​អាទិភាព​យុទ្ធសាស្ត្រ​ ​ខណៈ​ក្រសួង​កំពុង​ជំរុញ​សេវា​ប្រឹក្សា​ឌីជីថល ​ការ​ចាប់​យក​បច្ចេកវិទ្យា ការ​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ីន​វា​នុវត្តន៍​ ការ​បង្កើន​ផលិតភាព​ ​និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​។

​ក្នុង​សិក្ខាសាលា​ ​អ្នក​ចូលរួម​បាន​សិក្សា​ពី​បទពិសោធន៍​នៃ​វេទិកា​អនឡាញ​របស់​ចិន​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម ​ព្រមទាំង​បទពិសោធន៍​របស់​ Tus​Park ​ក្នុង​ការ​ជំរុញន​វានុវត្តន៍​ ការ​ភ្ញាស់​ធុរកិច្ច​ថ្មី​ ​និង​សហគ្រិន​ភាព​។

​អ្នក​ចូលរួម​ក៏​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​ពី​កម្ពុជា​ ឡាវ​ ​និង​វៀតណាម ​ស្តីពី​ការ​ធ្វើ​ឌីជីថលូបនីយ​កម្ម​សហគ្រាស​ ​ដោយ​ផ្តោត​លើ​វិធីសាស្ត្រ​ដែល​អាច​អនុវត្ត​បាន​ក្នុង​ការ​ជួយ​សហគ្រាស​ចាប់​យក​បច្ចេកវិទ្យា​ឱ្យ​សមស្រប​តាម​តម្រូវការ​។

​សិក្ខាសាលា​នេះ​ក៏​បាន​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​គោលការណ៍​ណែនាំ​ស្តីពី​បរិវត្ត​កម្ម​ឌីជីថល​របស់​កម្ពុជា​ ​រួមទាំង​វិធីសាស្ត្រ​វាយតម្លៃ​ភាព​ត្រៀម​លក្ខណៈ​ផ្នែក​ឌីជីថល ​និង​ការ​ជួយ​សហគ្រាស​ឱ្យ​ចាប់​យក​បច្ចេកវិទ្យា​សមស្រប​តាម​ដំណាក់កាល​។

​ឯកឧត្តម​ ញឹម ​ខេមរា ​បាន​គូសបញ្ជាក់​ថា​ ​ប្រទេស​នីមួយ​ៗ​មាន​ស្ថានភាព ​និង​ចំណុច​ខ្លាំង​ខុស​ៗ​គ្នា​ ​ប៉ុន្តែ​មាន​គោលដៅ​រួម​ក្នុង​ការ​កសាង​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ឱ្យ​កាន់តែ​រឹងមាំ ​មាន​ផលិតភាព​ខ្ពស់​ ​និង​មាននវានុវត្តន៍​កាន់តែ​ខ្ពស់​។

​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ក្រោម​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ​ក្នុង​គោលដៅ​ស្វែងរក​ឱកាស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​លើ​ជំនាញ​ឌីជីថល បញ្ញា​សិប្បនិម្មិត ​ផលិតកម្មឆ្លាតវៃ ការ​ផ្ទេរ​បច្ចេកវិទ្យា​ ​ពាណិជ្ជកម្ម​ឌីជីថល​ឆ្លង​ដែន ​និង​ដំណោះស្រាយ​ជាក់ស្តែង​ផ្សេងទៀត​ ​ដើម្បី​ជួយ​សហគ្រាស​បង្កើន​ផលិតភាព​ ​និង​ភាព​ប្រកួតប្រជែង​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times