ភ្នំពេញ៖ វិស័យសំណង់ និងអចលនទ្រព្យរបស់កម្ពុជាត្រូវបានវាយតម្លៃថា នឹងបន្តរក្សាកំណើនក្នុងកម្រិតទាបនៅឆ្នាំ២០២៦ ដោយរងផលប៉ះពាល់ពីភាពមិនប្រាកដប្រជានៃកត្តាសេដ្ឋកិច្ច និងផលរំខានក្នុងរយៈពេលខ្លីពីការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប៉ះពាល់ដល់ទំនុកចិត្តវិនិយោគ និងសកម្មភាពទិញ-លក់អចលនវត្ថុ។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អនុវិស័យសំណង់ត្រូវបានវាយតម្លៃឡើងវិញថា នឹងបន្តរក្សាកំណើនយឺតក្នុងរង្វង់ ០,៧%។
ក្រសួងបានបញ្ជាក់ថា ភាពមិនប្រាកដប្រជានៃកត្តាសេដ្ឋកិច្ច និងផលរំខាននៃការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលខ្លី បានប៉ះពាល់ដល់ទំនុកចិត្តវិនិយោគ និងបន្ទច់បង្អាក់សកម្មភាពសាងសង់ ព្រមទាំងចរន្តទិញ-លក់អចលនវត្ថុ។
ទោះជាយ៉ាងណា អនុវិស័យសំណង់នៅតែទទួលបានការគាំទ្រពីសកម្មភាព និងចរន្តទិញ-លក់សំណង់លំនៅឋានតម្លៃសមរម្យ និងសំណង់ដែលបម្រើឱ្យវិស័យឧស្សាហកម្ម។
ជាក់ស្តែង បរិមាណផលិតស៊ីម៉ងត៍ក្នុងស្រុក ដើម្បីបម្រើតម្រូវការសាងសង់ក្នុងស្រុក ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦ នៅតែមានកំណើនវិជ្ជមានក្នុងរង្វង់ ១៩,៨%។ ទន្ទឹមនឹងនេះ ការនាំចូលសម្ភារៈសំណង់ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៦ បានធ្លាក់ចុះ ៣,៨%។
ចំពោះវិស័យអចលនទ្រព្យវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា នឹងបន្តរក្សាកំណើនយឺតក្នុងរង្វង់ ០,៦% ដោយសារផលប៉ះពាល់អវិជ្ជមានពីភាពមិនប្រាកដប្រជានៃកត្តាសេដ្ឋកិច្ច និងផលរំខានក្នុងរយៈពេលខ្លីពីការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ផលប៉ះពាល់នេះត្រូវបានកត់សម្គាល់ជាពិសេសលើសកម្មភាពទិញ-លក់អចលនវត្ថុ រួមទាំងអគារការិយាល័យ និងអគារប្រើប្រាស់ចម្រុះ (Mixed-use building)។
របាយការណ៍បានបង្ហាញថា ចំនួនទិញ-លក់លំនៅឋានក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៦ បានធ្លាក់ចុះប្រមាណ ៥០,៥%។ ទោះជាយ៉ាងណា សកម្មភាពអចលនវត្ថុដែលបម្រើឱ្យវិស័យឧស្សាហកម្ម ដូចជាការជួលរោងចក្រ និងដីធ្លី ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តរក្សាបានចលនាការល្អ។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញយឺតៗ (Slow Recovery)។
ស្ថានភាពនេះបង្ហាញថា ទោះបីវិស័យសំណង់ និងអចលនទ្រព្យនៅតែប្រឈមនឹងសម្ពាធលើសកម្មភាពទីផ្សារ ជាពិសេសក្នុងផ្នែកលំនៅឋាន ការិយាល័យ និងអគារប្រើប្រាស់ចម្រុះក៏ដោយ ក៏សកម្មភាពសំណង់លំនៅឋានតម្លៃសមរម្យ និងអចលនវត្ថុដែលបម្រើឱ្យវិស័យឧស្សាហកម្មនៅតែជាកត្តាគាំទ្រដល់វិស័យទាំងពីរ៕
អត្ថបទ៖ ប៊ី







