ភ្នំពេញ៖ កម្ពុជា និងបារាំងកំពុងជំរុញការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ ដែលរំពឹងថានឹងរួមចំណែកធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្មក្នុងស្រុក។
នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន SEMMARIS នៃប្រទេសបារាំង ដឹកនាំដោយលោក Thierry Febvay ប្រធានផ្នែកអភិវឌ្ឍន៍ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងនេះ។
ជំនួបនេះធ្វើឡើងក្នុងពេលដែលក្រុមហ៊ុន SEMMARIS កំពុងបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២១ ខែសីហា ដើម្បីសម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាពលើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ។
គម្រោងនេះកើតចេញពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន WorldBridge Group តាមរយៈការចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប លោក Thierry Febvay បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីបទពិសោធន៍ និងឧត្តមភាពរបស់ SEMMARIS ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការផ្សារ Marché International de Rungis នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាផ្សារបោះដុំអាហារស្រស់ដ៏ធំបំផុតមួយក្នុងពិភពលោក។
លោកបានបញ្ជាក់ពីបំណងនាំយកជំនាញបច្ចេកទេស ព្រមទាំងគំរូនៃការរៀបចំ និងគ្រប់គ្រងតាមស្តង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) នៅកម្ពុជា។
តំណាងក្រុមហ៊ុនក៏បានជម្រាបជូនពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព និងស្នើសុំអនុសាសន៍ណែនាំ ការគាំទ្រ ការសម្របសម្រួលនីតិវិធី និងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន SEMMARIS និងដៃគូ។
ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្មវិស័យកសិកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ឧស្សាហកម្មកែច្នៃកសិផល និងម្ហូបអាហារ ដើម្បីផ្តល់តម្លៃបន្ថែមដល់ទិន្នផលដែលប្រជាកសិករផលិតបាន។
ឯកឧត្តមបានបង្ហាញពីជំហររបស់ ក.អ.ក. ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីឈានទៅប្រែក្លាយគម្រោងឱ្យលេចចេញជារូបរាងពិតប្រាកដ។
ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នា ដោយភាគីពាក់ព័ន្ធបានបង្ហាញឆន្ទៈបន្តកិច្ចសហការយ៉ាងជិតស្និទ្ធលើគ្រប់ទិដ្ឋភាព។
គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ ត្រូវបានវាយតម្លៃថាមានសក្តានុពលក្នុងការធ្វើទំនើបកម្មប្រព័ន្ធ Agro-Logistics និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារ ព្រមទាំងបង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនប្រជាកសិករ និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោកនាពេលអនាគត៕
អត្ថបទ៖ ប៊ី








