មណ្ឌលគិរីទទួលសំណើវិនិយោគ ២២ គម្រោង មានទុន ៥១១ លានដុល្លារ

ភ្នំពេញ៖ ខេត្តមណ្ឌលគិរីបានទទួលសំណើគម្រោងវិនិយោគចំនួន ២២ គម្រោង ដែលមានទុនវិនិយោគសរុប ៥១១ លានដុល្លារអាម៉េរិក និងមានសក្តានុពលបង្កើតការងារចំនួន ៥,០០៣ កន្លែង ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»។

ទិន្នន័យនេះត្រូវបានលើកឡើងក្នុងកិច្ចជំនួបពិភាក្សារវាងក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន «ក.វ.ឦសាន» និងធុរជនក្នុងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយពីវិសាលភាពនៃកម្មវិធីពិសេស និងជំរុញការអនុវត្តកម្មវិធីនេះឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចជំនួបនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដោយមានការចូលរួមពី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងធុរជនក្នុងខេត្ត។

ក្នុងជំនួបនេះ ឯកឧត្តមអភិបាលបានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងផែនការអភិវឌ្ឍ និងវិនិយោគក្នុងខេត្តមណ្ឌលគិរី ខណៈឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន។

ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពន្លឿនការរៀបចំប្លង់គោលប្រើប្រាស់ដី ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការរៀបចំផែនការប្រើប្រាស់ដីមានសារៈសំខាន់សម្រាប់មណ្ឌលគិរី ដែលមានធនធានធម្មជាតិ ទេសភាព និងខ្យល់បរិសុទ្ធ ដែលត្រូវការការការពារ និងប្រើប្រាស់ជាធនធានសម្រាប់ទេសចរណ៍ប្រកបដោយចីរភាព ជៀសវាងការអភិវឌ្ឍដែលផ្អែកទាំងស្រុងលើយន្តការទីផ្សារ។

ក្នុងកិច្ចប្រជុំ ក៏មានការបង្ហាញពីអត្ថប្រយោជន៍នៃការលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្រោមកម្មវិធីពិសេស។ សម្រាប់សហគ្រាសធុនតូច និងមធ្យម លក្ខខណ្ឌទំហំទុនវិនិយោគអប្បបរមាត្រូវបានបន្ធូរបន្ថយមកត្រឹម ១០ ម៉ឺនដុល្លារឡើងទៅ ដែលអាចស្នើសុំគោលការណ៍វិនិយោគពី ក.វ.ឦសាន ដើម្បីចុះបញ្ជីជា គ.ល.គ. បាន។

លើសពីនេះ សកម្មភាពធុរកិច្ចដែលកំពុងដំណើរការនៅក្នុងខេត្តទាំងបួននៃភូមិភាគឦសាន ប៉ុន្តែមិនទាន់បានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តរហូតដល់ដំណាច់ឆ្នាំ ២០២៦ និងទទួលបានការលើកលែងពិន័យទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក។

ជាមួយគ្នានេះ ក្រុមហ៊ុននៅមណ្ឌលគិរីដែលបានដាក់ពាក្យមក ក.វ.ឦសាន បានលើកសំណួរដោយផ្ទាល់អំពីស្ថានភាពសំណើគម្រោងរបស់ខ្លួន ជាពិសេសបញ្ហាពាក់ព័ន្ធនឹងដីធ្លី។ ក្រុមការងារ ក.វ.ឦសាន ដែលមានរដ្ឋបាលខេត្តជាសមាជិក បានស្រាយបំភ្លឺអំពីបច្ចុប្បន្នភាពនៃសំណើគម្រោងនីមួយៗ។

ក្រុមការងារបានបញ្ជាក់ថា ការស្នើសុំសិទ្ធិប្រើប្រាស់ដីធ្លីរបស់រដ្ឋជាបញ្ហារសើប និងស្មុគស្មាញ ដែលតម្រូវឱ្យមានការពិនិត្យម៉ត់ចត់លើលក្ខណៈសម្បត្តិ និងស្ថានភាពជាក់ស្តែងរបស់ដី អនុលោមភាពតាមបទដ្ឋានគតិយុត្តិ ព្រមទាំងសមត្ថភាពវិនិយោគ ដើមទុន និងឆន្ទៈរបស់វិនិយោគិន មុនពេលស្ថាប័នមានសមត្ថកិច្ចអាចលើកមតិយោបល់ជូនប្រមុខរាជរដ្ឋាភិបាលសម្រេចផ្តល់ការអនុញ្ញាតវិនិយោគ។

កិច្ចប្រជុំក៏បានពិភាក្សាពីបញ្ហាប្រឈមផ្សេងៗ រួមមានភាពយឺតយ៉ាវនៃការចុះបញ្ជីតាមប្រព័ន្ធរបស់ស្ថាប័នមួយចំនួន ការមិនទាន់ចេញប្លង់ដីជូនប្រជាពលរដ្ឋនៅតំបន់មួយចំនួន ដែលបង្កឧបសគ្គដល់សកម្មភាពធុរកិច្ច និងការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងភាពកម្សោយនៃសេវាទូរស័ព្ទ និងតម្លៃអគ្គិសនី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជំរុញឱ្យមានការពិភាក្សា និងសម្របសម្រួលបន្ត ដើម្បីចៀសវាងការយល់ច្រឡំដោយសារកង្វះការទំនាក់ទំនង។ ក.វ.ឦសាន និងរដ្ឋបាលខេត្តត្រៀមទទួលការស្នើសុំប្រឹក្សាយោបល់ ការគាំទ្រការដាក់ពាក្យ ការសម្រួលនីតិវិធី និងការចូលរួមដោះស្រាយបញ្ហារាំងស្ទះ តាមរយៈ «យន្តការច្រកចេញចូលតែមួយ»។

កម្មវិធីពិសេសនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងប្រែក្លាយភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចថ្មីដែលមានសក្តានុពល។

កម្មវិធីផ្តោតលើវិស័យអាទិភាពចំនួន ៣ រួមមាន កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយផ្តល់ការគាំទ្រតាមរយៈការលើកទឹកចិត្តផ្នែកពន្ធ និងអាករ ហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការសម្របសម្រួលពិសេសពី ក.វ.ឦសាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

គិតត្រឹមថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦ ក.វ.ឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគសរុប ២.៦៥ ពាន់លានដុល្លារអាម៉េរិក។ ក្នុងចំណោមនោះ ខេត្តមណ្ឌលគិរីមានសំណើគម្រោងចំនួន ២២ គម្រោង ទុនវិនិយោគ ៥១១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៥,០០៣ កន្លែង៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times