ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានផ្សព្វផ្សាយលទ្ធផលនៃ «គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដែលផ្តល់ក្របខ័ណ្ឌរួមសម្រាប់ការធ្វើផែនការ ការវិនិយោគ និងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជារហូតដល់ឆ្នាំ ២០៤០។
គម្រោងនេះជាគម្រោងសហប្រតិបត្តិការបច្ចេកទេសរយៈពេល ៣ ឆ្នាំ ដែលមានគោលបំណងពង្រឹងការធ្វើផែនការរយៈពេលវែង សមត្ថភាពស្ថាប័ន និងការគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា។
លទ្ធផលនៃគម្រោងបានបង្កើតឧបករណ៍គោលនយោបាយ និងផែនការសំខាន់ៗ រួមមាន គោលការណ៍ណែនាំស្តីពីការអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជន គោលដៅគោលនយោបាយចំនួន ២១ ផែនការសកម្មភាពអាទិភាព និងគោលការណ៍ណែនាំស្តីពីការរៀបចំផែនការ។
គម្រោងក៏បានរៀបចំផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្តជាគំរូសម្រាប់ខេត្តកំពត និងខេត្តព្រៃវែង ព្រមទាំងផែនការមេរបស់រដ្ឋាករទឹកកំពត។
ជាមួយគ្នានេះ គម្រោងបានពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត ព្រមទាំងរដ្ឋាករទឹកសាធារណៈ តាមរយៈការចុះសិក្សាដល់មូលដ្ឋាន សិក្ខាសាលាបច្ចេកទេស ការបណ្តុះបណ្តាលនៅប្រទេសជប៉ុន និងការរៀបចំផែនការរួមគ្នា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលជប៉ុន និង JICA សម្រាប់ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងជាមួយកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សិក្ខាសាលានេះមិនត្រឹមតែជាការផ្សព្វផ្សាយសមិទ្ធផលនៃគម្រោងប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។
លោកបានបញ្ជាក់ថា ឯកសារទាំងអស់ដែលគម្រោងសម្រេចបាន មិនមែនគ្រាន់តែជារបាយការណ៍សម្រាប់គម្រោងនេះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ការគ្រប់គ្រង និងការធ្វើផែនការជាក់ស្តែង ដែលនឹងរួមចំណែកដល់វិស័យទឹកស្អាតរបស់កម្ពុជារហូតដល់ឆ្នាំ ២០៤០។
ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងមន្ទីររាជធានី-ខេត្ត ប្រើប្រាស់គោលការណ៍ណែនាំទាំងនេះយ៉ាងសកម្មក្នុងការរៀបចំផែនការវិនិយោគនាពេលអនាគត និងផែនការមេរបស់រដ្ឋាករទឹកនីមួយៗ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យផ្តល់ជំនួយស្របតាមទិសដៅជាតិ ដើម្បីពង្រឹងការសម្របសម្រួល និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។
លោក Sanui Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា បានលើកឡើងថា សារៈសំខាន់នៃគម្រោងនេះមិនត្រឹមតែស្ថិតលើសមិទ្ធផលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតលើសមត្ថភាពស្ថាប័ន និងធនធានមនុស្សដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំកន្លងមក។
លោក Kazumasa បានមានប្រសាសន៍ថា ភាគីទាំងពីរបានធ្វើការជាមួយគ្នា រៀនសូត្រជាមួយគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ហើយលោកជឿជាក់ថា សមត្ថភាពធនធានមនុស្សនេះនឹងក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត។
លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ JICA ក្នុងការបន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពស្ថាប័ន ការកែលម្អការគ្រប់គ្រងរដ្ឋាករទឹកសាធារណៈ ការជំរុញការវិនិយោគប្រកបដោយនិរន្តរភាព និងការពង្រីកលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន។
គម្រោងនេះក៏មានបំណងពង្រឹងសមត្ថភាពក្រសួងក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យការផ្តល់សេវារបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាត ព្រមទាំងពង្រឹងការគ្រប់គ្រងវិស័យទឹកស្អាតនៅថ្នាក់រាជធានី-ខេត្ត។
លទ្ធផលនៃគម្រោងបានផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌរួមមួយ ដើម្បីប្រែក្លាយគោលដៅរយៈពេលវែងនៃវិស័យទឹកស្អាតទៅជាផែនការ ការវិនិយោគ និងការអនុវត្តប្រកបដោយការសម្របសម្រួល សំដៅពង្រឹងការផ្តល់សេវាទឹកស្អាតប្រកបដោយសុវត្ថិភាព និរន្តរភាព និងអាចទុកចិត្តបាននៅកម្ពុជា៕
អត្ថបទ៖ ប៊ី







