ឥណទាន​បុគ្គល​នៅ​កម្ពុជា​ ​កើន​ដល់​ជាង​ ​១៦​ ​ពាន់​លាន​ដុល្លារ​ ​គិត​ត្រឹម​ចុង​ត្រីមាស​ទី​២​

ភ្នំពេញ​៖​ ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅ​កម្ពុជា​ ​បាន​កើន​ដល់​ ​១៦,៨៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​គិត​ត្រឹម​ចុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ខណៈ​ចំនួន​គណនី​ឥណទាន​សរុប​កើន​ដល់​ ​២,៨៤​ ​លាន​គណនី​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ក្រេឌីត ​យូរ៉ូ ​ខេមបូឌា ​ខូ ​អិលធីឌី ​ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​។

​ទិន្នន័យ​ស្តីពី​សមិទ្ធផល​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ​បង្ហាញ​ថា​ ​សមតុល្យ​ឥណទាន​បាន​កើនឡើង​ ​១,០៥​% ​បើ​ធៀប​នឹង​ត្រីមាស​មុន ​ខណៈ​ចំនួន​គណនី​ឥណទាន​កើនឡើង​ ​៧,០៥​%​។ ​កំណើន​នៃ​ចំនួន​គណនី​ត្រូវបាន​កត់ត្រា​នៅ​គ្រប់​តំបន់​នៃ​ប្រទេស​។

​ក្នុង​ចំណោម​គណនី​ឥណទាន​សរុប​ ​២,៨៤​ ​លាន​គណនី ​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​ចំណែក​ ​៨៥,៦៧​%​ កម្ចី​អចលន​ទ្រព្យ​មាន​ ​៧,៤៧​% ​និង​ប័ណ្ណ​ឥណទាន​មាន​ ​៦,៨៦​%​។

​ទោះជា​យ៉ាងណា​ ​តម្រូវការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​បាន​ថយចុះ​ ​៩​% ​ក្នុង​ត្រីមាស​ទី​២​ ​បើ​ធៀប​នឹង​ត្រីមាស​មុន​។​ ក្នុង​នោះ​ ​ការ​ស្នើសុំ​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន​ថយចុះ​ ​៩​% ​ខណៈ​ការ​ស្នើសុំ​កម្ចី​អចលន​ទ្រព្យ​ថយចុះ​ ​៩​%​។ ​ផ្ទុយទៅវិញ​ ​ការ​ស្នើសុំ​ប័ណ្ណ​ឥណទាន​បាន​កើនឡើង​ ​១៥​%​។

​ទំហំ​ទឹកប្រាក់​នៃ​ការ​ស្នើសុំ​ឥណទាន​បាន​កើនឡើង​ ​៤​% ​ខណៈ​ត្រីមាស​មុន​កើនឡើង​ ​៧​%​។ ​ការ​ប្រែប្រួល​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការ​ថយចុះ​នៃ​ទំហំ​ទឹកប្រាក់​កម្ចី​ផ្ទាល់ខ្លួន​ ​៥​% ​និង​ប័ណ្ណ​ឥណទាន​ ​៧​% ​ខណៈ​កម្ចី​អចលន​ទ្រព្យ​កើនឡើង​ ​២​%​។

​ជាមួយគ្នា​នេះ​ ​គុណភាព​ឥណទាន​បាន​ធ្លាក់ចុះ​ ​ដោយ​អនុបាត​ឥណទាន​សង​យឺត​លើស​ពី​ ​៩០​ ​ថ្ងៃ​ ​(​៩០​+​ ​DPD​) ​បាន​កើន​ដល់​ ​៧,៣២​% ​ពី​ ​៥,៩០​%​ ​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២០២៦​។ ​ក្នុង​ចំណោម​ផលិតផល​ឥណទាន​ទាំង​បី​ ​ឥណទាន​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​អនុបាត​ ​៩០​+ ​DPD​ ​ខ្ពស់​ជាង​គេ​ ​គឺ​ ​១៣,១៥​%​។

​សមតុល្យ​ឥណទាន​មិន​ដំណើរការ​លើស​ពី​ ​៩០​ ​ថ្ងៃ​បាន​កើនឡើង​ជា​រួម​ ​២៦,១​% ​នៅ​ទូទាំង​តំបន់​។ ​ការ​កើនឡើង​ខ្ពស់​បំផុត​ត្រូវបាន​កត់ត្រា​នៅ​តំបន់​ឆ្នេរ​ ​៨០​% ​តំបន់​ទំនាប​ ​២១​% ​តំបន់​ទន្លេ​សាប​ ​២៦​% ​និង​តំបន់​ខ្ពង់រាប​ ​២៨​%​។

​លោក​ ​អឿ ​សុធារ័ត្ន ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ក្រេឌីត ​យូរ៉ូ ​ខេមបូឌា ​ខូ ​អិលធីឌី ​បាន​មានប្រសាសន៍​ថា​ តម្រូវការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​ការ​ថយចុះ​ ​ខណៈ​សមិទ្ធផល​ឥណទាន​នៅតែ​វិជ្ជមាន​ ​ដោយ​ចំនួន​គណនី ​និង​សមតុល្យ​កម្ចី​ក្នុង​ត្រីមាស​ទី​២​ ​បាន​កើនឡើង​បើ​ធៀប​នឹង​ត្រីមាស​មុន​។

​លោក​បាន​បន្ថែម​ថា​ ​គុណភាព​ឥណទាន​មាន​ការ​ធ្លាក់ចុះ​បើ​ធៀប​នឹង​ត្រីមាស​មុន ​ដោយ​អនុបាត​គណនី​កម្ចី​ដែល​សង​យឺត​លើស​ពី​ ​៩០​ ​ថ្ងៃ​ ​បាន​កើនឡើង​ពី​ ​៥,៨៧​%​ ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២០២៦​ មក​ ​៧,៣២​% ​ក្នុង​ត្រីមាស​ទី​២​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times