ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងថា ការផ្តោតលើគុណភាពផលិតកម្ម និងនវានុវត្តន៍ ជាកត្តាសំខាន់ដែលបានជួយជំរុញប្រទេសចិនពី «រោងចក្រពិភពលោក» ទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យា និងឆ្ពោះទៅរកមហាអំណាចផលិតកម្ម។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានថ្លែងថា ដើម្បីឈានទៅក្លាយជាប្រទេសឈានមុខខាងផលិតកម្ម រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយផ្តោតសំខាន់លើការលើកកម្ពស់គុណភាព និងការច្នៃប្រឌិត មិនមែនត្រឹមតែបរិមាណផលិតកម្មនោះទេ។
អ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា យុទ្ធសាស្ត្រស្នូលមួយរបស់ចិន គឺ «Made in China 2025» ដែលជាផែនការរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន បច្ចេកវិទ្យាព័ត៌មានជំនាន់ក្រោយ រថយន្តអគ្គិសនី (EV) យន្តហោះ និងឱសថជីវសាស្ត្រ។
តាមការលើកឡើងរបស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ការអនុវត្តយុទ្ធសាស្ត្រនេះបានរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពផលិតកម្មរបស់ចិន ដោយប្រទេសនេះមានតម្លៃបន្ថែមផ្នែកផលិតកម្មស្មើនឹង ២៧.៧១ ភាគរយ នៃទឹកប្រាក់សរុបរបស់ពិភពលោកក្នុងឆ្នាំ ២០២៤។
អ្នកឧកញ៉ាបណ្ឌិត បានបន្តថា គោលនយោបាយសំខាន់មួយរបស់ចិន គឺការជំរុញ «កម្លាំងផលិតភាពគុណភាពថ្មី» (New Quality Productive Forces) ដែលផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញឧស្សាហកម្មប្រពៃណីឱ្យកាន់តែមានភាពឆ្លាតវៃ និងបៃតង។
ទន្ទឹមនឹងនេះ ចិនក៏បានប្រើប្រាស់គោលនយោបាយគាំទ្រផ្នែកហិរញ្ញវត្ថុ និងពន្ធ ដោយផ្តល់ជំនួយ ប្រាក់កម្ចី និងការលើកទឹកចិត្តផ្នែកពន្ធ ដើម្បីទាក់ទាញការវិនិយោគទៅក្នុងវិស័យអាទិភាព និងជំរុញការអភិវឌ្ឍសមត្ថភាពផលិតកម្ម។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងទៀតថា ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ជាផ្នែកមួយនៃគោលនយោបាយផលិតកម្មរបស់ចិនផងដែរ។ គោលនយោបាយទាំងនេះបានជំរុញឱ្យចិនក្លាយជាអ្នកនាំមុខក្នុងវិស័យថាមពលស្អាត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងរថយន្តអគ្គិសនី ដែលបានជួយកាត់បន្ថយថ្លៃដើមថាមពលកកើតឡើងវិញនៅទូទាំងពិភពលោក។
អ្នកឧកញ៉ាបណ្ឌិត បានសង្កត់ធ្ងន់ថា គោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះបានជួយឱ្យចិនផ្លាស់ប្តូរពី «រោងចក្រពិភពលោក» ទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យា ខណៈប្រទេសនេះកំពុងឈានទៅរកការក្លាយជាមហាអំណាចផលិតកម្មពេញលេញ។
ការលើកឡើងនេះបង្ហាញថា ការពង្រឹងគុណភាពផលិតកម្ម ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ត្រូវបានចាត់ទុកជាកត្តាសំខាន់ក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសចិននៅក្នុងទីផ្សារពិភពលោក៕
អត្ថបទ៖ ប៊ី










