រដ្ឋមន្ត្រី ហួត ហាក់៖ “រដូវកាលបៃតង” មិនមែនជាឧបសគ្គ តែជាឱកាសស្គាល់កម្ពុជាពីជ្រុងថ្មី

ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា «រដូវកាលបៃតង» មិនមែនជាឧបសគ្គសម្រាប់ការធ្វើដំណើរកម្សាន្តនោះទេ ប៉ុន្តែជាឱកាសដ៏ល្អសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋស្គាល់កម្ពុជាពីជ្រុងថ្មី ដែលកាន់តែបៃតង ស្រស់ស្អាត និងសម្បូរទៅដោយបទពិសោធន៍ថ្មីៗ។

ការលើកឡើងនេះធ្វើឡើងនៅពេល ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីបិទ «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»។

ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងថា ការបំប្លែងរដូវកាលទៅជា «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិ ដើម្បីបង្ហាញពីសម្រស់ដ៏ពិតប្រាកដ និងរស់រវើករបស់កម្ពុជាក្នុងរដូវកាលនេះ។

ឯកឧត្តមបានបន្ថែមថា ក្នុងរដូវកាលបៃតង ធម្មជាតិកម្ពុជាពោរពេញដោយភាពស្រស់បំព្រង ដោយពណ៌បៃតងគ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល ដែលអាចបង្កើតជាបទពិសោធន៍ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។

ឯកឧត្តម ហួត ហាក់ បានគូសរំលេចថា «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» គឺជាផ្នែកមួយនៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជាក្នុងរដូវកាលនេះ។ តាមរយៈព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចមើលឃើញថា រដូវកាលបៃតងគឺជាពេលវេលាដ៏សមស្របមួយសម្រាប់ការធ្វើដំណើរកម្សាន្តនៅកម្ពុជា ជាមួយបទពិសោធន៍ទេសចរណ៍ថ្មីៗជាច្រើនដែលកំពុងរង់ចាំការស្វែងយល់ និងរុករក។

ព្រឹត្តិការណ៍នេះក៏មានគោលបំណងបំផុសស្មារតីស្នេហាជាតិ ស្រឡាញ់មាតុភូមិ និងសាមគ្គីភាព ព្រមទាំងលើកកម្ពស់ការចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបី អរូបី និងធនធានធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏មានគោលដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក លើកកម្ពស់កិត្តិនាមកម្ពុជា និងបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ ដែលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងរដ្ឋបាលខេត្តស្ទឹងត្រែង ក្រុមការងាររដូវកាលបៃតងនៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត ដៃគូឧបត្ថម្ភ វិស័យឯកជន វាគ្មិន សិល្បករ អ្នកផលិតមាតិកា Influencers និង KOLs ដែលបានចូលរួមរៀបចំ និងគាំទ្រព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍នេះមានការចូលរួមពី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងស្ថានកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ខេត្តនៅតំបន់ភូមិភាគឦសាន ដៃគូអភិវឌ្ឍន៍ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន អ្នកផលិតមាតិកា យុវជន សិស្ស និងនិស្សិត ប្រមាណ ១,០០០នាក់។

«ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» បានចាប់ផ្តើមដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង» ដើម្បីបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃតំបន់បេតិកភណ្ឌ និងវប្បធម៌ខ្មែរ។

បន្ទាប់មក ព្រឹត្តិការណ៍បានបន្តមកកាន់ខេត្តស្ទឹងត្រែង ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ ទន្លេ ព្រៃឈើ សហគមន៍ និងសក្តានុពលអេកូទេសចរណ៍ ដោយផ្តោតលើប្រធានបទ «សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»។

ក្រោយបញ្ចប់នៅខេត្តស្ទឹងត្រែង ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតងនឹងបន្តទៅកាន់ខេត្ត Cluster នៅតំបន់ឆ្នេរ មុននឹងបិទបញ្ចប់នៅរាជធានីភ្នំពេញ ដោយមានប្រធានបទផ្សេងៗ ស្របតាមសក្តានុពលទេសចរណ៍របស់រាជធានី និងខេត្តនីមួយៗ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times