សាប៊ូស្ពៃម៉ាក «EMPRESS» ក្លែងក្លាយជាង ៦ តោន មានប្រភពនាំចូលពីក្រៅប្រទេស ទាំងសាប៊ូ និងសំបកវេចខ្ចប់

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពី​ពេល​ថ្មី​ៗ​នេះ​បានបង្ក្រាបទីតាំងស្តុក និង​ចែកចាយ​សាប៊ូ​ម៉ាក EMPRESS ក្លែងក្លាយ និង​រឹបអូស​ផលិតផល​សរុប​ជាង ៦.៧តោន ដោយ​មន្ត្រី​ជំនាញ​បញ្ជាក់​ថា ផលិតផល​ទាំង​នោះ មាន​ប្រភព​នាំចូល​ពី​ក្រៅ​ប្រទេស ទាំង​សាប៊ូ និង​សំបក​វេច​ខ្ចប់ ដើម្បីបន្លំអ្នកប្រើប្រាស់។

តាមដានជាមួយយើង៖ Million Times

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋានទទួលបានបណ្តឹងពីម្ចាស់ផលិតផលសាប៊ូម៉ាក EMPRESS អំពី​ការ​លក់​ផលិតផល​ក្លែងក្លាយ​នៅ​លើ​ទីផ្សារ។ ក្រោម​ការ​សម្របសម្រួលរបស់ព្រះរាជអាជ្ញា មន្ត្រី ក.ប.ប. សហការជាមួយម្ចាស់ផលិតផល បាន​ចុះ​ប្រតិបត្តិការ​នៅ​គោលដៅ​ជាច្រើន។

ក្នុងនោះ​នៅតូបលេខ៧៧ និង៧៨ ប្លុក ខ២៧ ផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ច​បាន​រក​ឃើញ​សាប៊ូ​ក្លែងក្លាយម៉ាក EMPRESS ៣ប្រភេទ សរុប ៤១ដប ស្មើ​នឹង ១៥.២គីឡូក្រាម។

បន្ទាប់មក សមត្ថកិច្ចបានបន្តឆែកឆេរទីតាំងមួយនៅផ្ទះលេខ១៣៩ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានម្ចាស់ជាជនជាតិចិន។ នៅទីនោះ ក្រុមការងារបានរកឃើញផលិតផលសង្ស័យក្លែងក្លាយសរុប ៧០២កេស ស្មើនឹង ៦,៧៣៩គីឡូក្រាម។

លោក គឹម សុខសីហា បានបញ្ជាក់ថា ផលិតផលក្លែងក្លាយទាំងនេះមានប្រភពមកពីក្រៅប្រទេស ដើម្បីបន្លំម៉ាកសញ្ញា និងបង្កការភាន់ច្រឡំដល់អ្នកប្រើប្រាស់។ បច្ចុប្បន្ន ក្រោមការដឹកនាំ​របស់​ព្រះរាជអាជ្ញា សមត្ថកិច្ច ក.ប.ប. កំពុងបន្តនីតិវិធីស៊ើបអង្កេត ប្រមូលភស្តុតាង និង​សាកសួរ​ជន​ពាក់ព័ន្ធ ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់។

ក.ប.ប. បាន​ឲ្យ​ដឹងថា ផលិតផលក្លែងក្លាយ និងបន្លំម៉ាកសញ្ញាទាំងអស់ នឹង​ត្រូវ​សហការ​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រមូល​ចេញ​ពី​ទីផ្សារ ដើម្បីអនុវត្តនីតិវិធី និងបំផ្លាញតាមបច្ចេកទេស សំដៅ​ការពារ​សុខភាព​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន៕

អត្ថបទ៖ ឆដា, រូបភាព៖ ក.ប.ប