គម្រោងវិនិយោគចំនួន ១០ គ្រោងបោះទុនវិនិយោគជាង ៧២ លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារ និង អាចបង្កើតឱកាសការងារប្រមាណ ៨០០ កន្លែង។ នេះបើយោងតាមការបញ្ជាក់ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦។

កិច្ចប្រជុំខាងលើនេះ ត្រូវបានដឹកនាំ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

យោងតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងទាំងនេះ រួមមាន គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និង មធ្យម (SME Cluster), គម្រោងរោងចក្រកែច្នៃលោហធាតុ, គម្រោងរោងចក្រកែច្នៃក្តារបន្ទះ, គម្រោងរមណីយដ្ឋាន និង រីសត, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ៨០០ កន្លែង ។

គិតចាប់ពីឆ្នាំ ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៤៩១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤ ប៊ីលានដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំង ៤៩១ នេះ រួមមាន ៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៦, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៣៥, គម្រោងពង្រីកចំនួន ២៥, និង គម្រោងមានស្រាប់ចំនួន ១៥ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសិក្សាអំពីបរិយាកាសវិនិយោគបច្ចុប្បន្ននៅខេត្តព្រះសីហនុ ពាក់ព័ន្ធស្ថានភាពពិភពលោក តំបន់ និង ក្នុងស្រុក ដោយបានសម្ភាសជាមួយម្ចាស់គម្រោង និង សង្កេតអំពីស្ថានភាពវិនិយោគនៅក្នុងខេត្ត ។

ជាលទ្ធផល, អ្នកឆ្លើយសម្ភាស យល់ថា វិធានការថ្មីៗរបស់រាជរដ្ឋាភិបាល បាន និង កំពុងបង្កើត និង ស្តារទំនុកចិត្តវិនិយោគ ដែលតាមនេះ សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និង ទេសចរណ៍ នៅបន្តមានសកម្មភាព ហើយសកម្មភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅមានសញ្ញាណល្អប្រសើរ ស្របពេលដែលក្រសួងស្ថាប័ន ក្រុមការងារ និង រដ្ឋបាលខេត្តព្រះសីហនុ បាន និង កំពុងបន្តខិតខំទាក់ទាញវិនិយោគ ។

ទន្ទឹមនេះ, វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុ មាននិន្នាការប្រើប្រាស់វត្ថុធាតុដើម ពីរោងចក្រសហគ្រាសក្នុងស្រុក ដូចជា ឈើដាំក្នុងស្រុក កម្ទេចឈើ ម្សៅដំឡូងមី កៅស៊ូ និង អំបិល ជាដើម ។ និន្នាការនេះ ជាកាលានុវត្តភាពបន្ថែមសម្រាប់ការវិនិយោគ ដែលទាមទារឱ្យមានការបន្តជំរុញ គាំទ្រ និង សម្របសម្រួល ពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមធ្វើកិច្ចការជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធ និង ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យបានជោគជ័យ ហើយត្រូវធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់ ដើម្បីដោះស្រាយបញ្ហារបស់វិនិយោគិន “ជាកញ្ចប់” និង មានសង្គតិភាព ។

ឯកឧត្តមថ្លែងថា រាល់ការសម្របសម្រួលនីតិវិធី ការផ្តល់ការលើកទឹកចិត្ត និង ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ធុរជន ត្រូវតែធ្វើឡើងដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី ។ វិនិយោគិនអាចទំនាក់ទំនងមកការិយាល័យរបស់ក្រុមការងារ នៅ ៖

១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង

២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times