ភ្នំពេញ៖ កម្ពុជាបានជំរុញវិនិយោគិនវៀតណាមនៅកម្ពុជា ឱ្យបង្កើនការវិនិយោគលើការកែច្នៃផលិតផលកសិកម្មជាផលិតផលសម្រេច ស្របពេលវិស័យឯកជនវៀតណាមបានបង្ហាញគម្រោងវិនិយោគលើការកែច្នៃកៅស៊ូ ជីសរីរាង្គ និងកាហ្វេ។
ការជំរុញនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាមួយសហគ្រាសវៀតណាមនៅកម្ពុជា ដឹកនាំដោយឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ជំនួបនេះត្រូវបានសម្របសម្រួលរៀបចំដោយឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា និងសហការី ព្រមទាំងឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសហការី ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម សំណូមពរ និងឱកាសវិនិយោគរបស់វិស័យឯកជនវៀតណាមនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូ និងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យឯកជន តាមរយៈការយកចិត្តទុកដាក់ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប បង្កើនប្រសិទ្ធភាពការងារ និងបន្តពង្រឹងទំនុកចិត្តរបស់វិនិយោគិន។
ឯកឧត្តម ក៏បានរំលឹកពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា-វៀតណាម ជាពិសេសការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារ។
ទាក់ទងនឹងសក្តានុពលវិនិយោគ ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា កម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ហើយបានជំរុញឱ្យវិនិយោគិនវៀតណាមពិចារណាបណ្តាក់ទុនលើការកែច្នៃកសិផលជាផលិតផលសម្រេច ជាជាងនាំចេញក្នុងរូបភាពជាវត្ថុធាតុដើម។
វិស័យដែលកម្ពុជាចង់ឱ្យវិនិយោគិនពិចារណារួមមាន ការកែច្នៃស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ កៅស៊ូ និងឈើដាំ។
ក្នុងកិច្ចពិភាក្សា ឯកឧត្តម Nguyen Minh Vu បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបានសហការរៀបចំកិច្ចពិភាក្សា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនវៀតណាមនាពេលកន្លងមក។
ឯកឧត្តម បានបញ្ជាក់ថា កិច្ចពិភាក្សានេះមិនត្រឹមតែជាវេទិកាសម្រាប់ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យវិនិយោគិនវៀតណាមស្វែងយល់បន្ថែមពីបរិយាកាស និងសក្តានុពលវិនិយោគរបស់កម្ពុជាផងដែរ។
ក្នុងឱកាសនេះ តំណាងវិស័យឯកជនវៀតណាមបានជម្រាបជូនពីគម្រោងវិនិយោគមួយចំនួន រួមមានគម្រោងបង្កើតរោងចក្រកែច្នៃដើមកៅស៊ូជាគ្រឿងសង្ហារិម គម្រោងផលិតជីសរីរាង្គ និងគម្រោងដាំកាហ្វេ ព្រមទាំងបង្កើតរោងចក្រកែច្នៃ។
ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគទាំងនេះ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនរៀបចំបែបបទដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានឆាប់។
ទន្ទឹមនេះ ឯកឧត្តម បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបានពេញលេញ ដើម្បីផ្តល់សេវាដល់វិនិយោគិនឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាព។
មុនបញ្ចប់ ឯកឧត្តម ជា វុទ្ធី បានស្នើឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការសំខាន់បី គឺការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ តាមរយៈការគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីឱ្យរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ផ្តល់សេវាជូនវិនិយោគិនវិញ៕
អត្ថបទ៖ ប៊ី









