ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅទស្សនកិច្ចក្រុមហ៊ុន BYD នៅចិន ស្វែងយល់ពីបច្ចេកវិទ្យាយានយន្តអគ្គិសនី

កាលពី​ពេល​ថ្មី​ៗ​កន្លងទៅនេះ​ ប្រតិភូរាជ​រដ្ឋាភិបាល បានអញ្ជើញ​ទស្សនកិច្ច​ក្រុមហ៊ុន BYD ដើម្បី​ស្វែង​យល់​ពី​បច្ចេកវិទ្យា​យានយន្ត​អគ្គិសនី និង​ពង្រឹង​កាលា​នុវត្តភាព​វិនិយោគ​នៅ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុង​ឱកាសនៃការបន្តបេសកកម្មគោះទ្វារ ដើម្បីទាក់ទាញ និង​ជំរុញ​ការ​វិនិយោគ​នៅ​លើទឹក​ដី​ខេត្ត​ក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ស្ថិត​ក្នុង​តំបន់​ភីងសាន ក្រុង​ស៊ិនជិន ខេត្ត​ក្វាងទុង។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន ដឹកនាំ​ដោយ លោក Wang Chuanfu ប្រធាន​ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។ ទស្សនកិច្ច​នេះ​មានគោលបំណងសិក្សា និង​ឈ្វេងយល់​ពី​ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​យានយន្ត​អគ្គិសនី (EV) ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប​របស់ BYD ព្រមទាំងស្វែងរកកាលានុវត្តភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងការវិនិយោគរវាងកម្ពុជា និងក្រុមហ៊ុនឈានមុខក្នុងវិស័យយានយន្តអគ្គិសនី។

ទស្សនកិច្ចនាឱកាសនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​យានយន្ត​អគ្គិសនី (EV) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដ៏ទំនើបរបស់ក្រុមហ៊ុន BYD ជាពិសេសបច្ចេកវិទ្យានៃស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ BYD (Flash Charging Flagship Station) ដែល​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​រយៈពេល​បញ្ចូលថាមពល និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង ដែល​ល្បឿន​នៃ​ការ​បញ្ចូល​ថាមពល ប្រើប្រាស់​រយៈពេលត្រឹមតែប្រមាណ ១០ នាទីប៉ុណ្ណោះ។

ជា​មោទនភាព​កម្ពុជា គឺ​ជា​ប្រទេស​ទី ១ នៅ​ក្រៅ​ប្រទេស​ចិន ដែល​ទទួល​បាន​សិទ្ធិ​នាំ​យក​បច្ចេកវិទ្យា​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ល្បឿន​លឿន​បំផុត​នេះ​មក​អនុវត្ត និង​ដំឡើង​ជា​ផ្លូវការ។ បច្ចុប្បន្ន​នេះ ដំណើរ​ការ​រៀបចំ​និង​ដំឡើង​ស្ថានីយ Flash Charging ទាំងនេះ កំពុង​តែ​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​នៅ​ក្នុង​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​សំខាន់ៗ ៣ របស់​កម្ពុជា រួមមាន៖ រាជធានី​ភ្នំពេញ, ខេត្ត​ព្រះសីហនុ, និង ខេត្តសៀមរាប ហើយរំពឹងថាត្រឹមបំណាច់ឆ្នាំ២០២៦ ស្ថានីយ ១៨ ទីតាំង នឹង​បើក​ឲ្យ​ដំណើរការ​ផ្តល់នូវសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះ៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា