បារាំងមានអាជីវកម្មជាង ៣៥០ កំពុងប្រតិបត្តិការនៅកម្ពុជា ទុនវិនិយោគលើស ៧០០ លានដុល្លារ

ភ្នំពេញ៖ សហគមន៍ធុរកិច្ចបារាំងកំពុងពង្រីកវត្តមាននៅកម្ពុជា ដោយបច្ចុប្បន្នមានក្រុមហ៊ុន និងសហគ្រិនជាង ៣៥០ ដែលមានទំនាក់ទំនងជាមួយសកម្មភាពអាជីវកម្មបារាំងកំពុងប្រតិបត្តិការនៅកម្ពុជា ជាមួយទំហំវិនិយោគពីប្រទេសបារាំងលើស ៧០០ លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់លោក Julien Bert អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC)។

លោកបានលើកឡើងថា វត្តមានអាជីវកម្មបារាំងនៅកម្ពុជាបានបង្ហាញពីមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈកម្ពុជាក៏បាននាំចេញទំនិញទៅកាន់ប្រទេសបារាំងប្រមាណ ១.៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លោកបានបញ្ជាក់ថា ក្រៅពីទំហំវិនិយោគដែលមានស្រាប់ សហគមន៍ធុរកិច្ចបារាំងក៏កំពុងសម្លឹងមើលឱកាសថ្មីៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

បច្ចុប្បន្ន CCIFC មានសមាជិកចំនួន ២៧០ ក្រុមហ៊ុន ដែលរួមមានក្រុមហ៊ុនបារាំង និងក្រុមហ៊ុនកម្ពុជាដែលភ្ជាប់ជាមួយសហគមន៍ធុរកិច្ចបារាំង។ CCIFC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូរពាណិជ្ជកម្ម និងឧស្សាហកម្មរវាងបារាំង និងកម្ពុជា។

ទន្ទឹមនឹងនេះ កម្ពុជា និងបារាំងគ្រោងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០ ចូលរួមស្វែងយល់ពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ការរៀបចំនេះក៏ត្រូវបានផ្សព្វផ្សាយថាជាវេទិកាសម្រាប់បង្កើតទំនាក់ទំនង និងភាពជាដៃគូអាជីវកម្មថ្មីៗរវាងប្រទេសទាំងពីរ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃកសិកម្ម ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប ដែលអាចផ្តល់មូលដ្ឋានសម្រាប់ការបង្កើតផលិតផលមានតម្លៃបន្ថែម និងពង្រីកខ្សែច្រវាក់ផលិតកម្ម។

ក្រៅពីវិស័យកែច្នៃកសិកម្ម កម្ពុជាក៏មានបំណងទាក់ទាញក្រុមហ៊ុនបារាំងឱ្យចូលរួមក្នុងវិស័យថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងនាំមកនូវនវានុវត្តន៍ថ្មីៗលើផលិតផល និងមធ្យោបាយធ្វើពាណិជ្ជកម្មសេវាកម្ម។

វិស័យសុខាភិបាលក៏ជាវិស័យអាទិភាពមួយផងដែរ ដោយកម្ពុជារំពឹងទាក់ទាញក្រុមហ៊ុនផលិតឱសថមកវិនិយោគ ខណៈវិស័យអប់រំ និងទេសចរណ៍ ជាពិសេសទេសចរណ៍ធម្មជាតិ ក៏ត្រូវបានចាត់ទុកថាមានសក្ដានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំង។

វេទិកានេះមិនផ្តោតតែលើក្រុមហ៊ុនធំៗប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលដៅទាក់ទាញសហគ្រិន និងអាជីវកម្មខ្នាតតូចផងដែរ ដោយផ្តោតលើតម្រូវការរបស់វិស័យផ្សេងៗ រួមមាន កសិកម្ម សុខាភិបាល ការដឹកជញ្ជូន ហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធផ្សេងទៀត។ គោលដៅសំខាន់គឺបង្កើតឱកាសឱ្យអ្នកចូលរួមអាចស្វែងរកដៃគូ និងផលប្រយោជន៍ធុរកិច្ចជាក់ស្តែង។

ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣នេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជា និង CCIFC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសហការរៀបចំវេទិកា និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

វេទិកានេះត្រូវបានរំពឹងថានឹងក្លាយជាចំណុចសំខាន់មួយសម្រាប់ភ្ជាប់ធុរជន និងអ្នកវិនិយោគបារាំងជាមួយឱកាសនៅកម្ពុជា ព្រមទាំងបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times