ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានឯកភាពជាគោលការណ៍ជ្រើសរើសសហគមន៍គោលដៅចំនួន ៦ បន្ថែមទៀត សម្រាប់អនុវត្តកិច្ចអន្តរាគមន៍ត្រី-វិស័យ ក្នុងឆ្នាំ២០២៦-២០២៧ ដោយផ្តោតលើការរួមបញ្ចូលការអភិវឌ្ឍកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ។
ការឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្តីពី «កសិកម្ម-ទឹក-ជនបទ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំរួមគ្នាដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររួម ក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្រោមការគាំទ្រពីគម្រោង CASDP, CFAVC, RID4CAM និង SAAMBAT។
កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំ លេខាធិការដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំងបី ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗ រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។
ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងបីបានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកសិកម្ម-ទឹក-ជនបទ និងដៃគូអភិវឌ្ឍន៍ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដែលបានរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ជនបទ។
កន្លងមក ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានអនុវត្តកិច្ចអន្តរាគមន៍រួមគ្នានៅក្នុងខេត្តចំនួន ៨ រួមមាន បាត់ដំបង សៀមរាប មណ្ឌលគិរី កំពង់ធំ កំពង់ចាម កណ្តាល តាកែវ និងពោធិ៍សាត់។
នៅក្នុងវិស័យកសិកម្ម កិច្ចអន្តរាគមន៍បានគាំទ្រទុនវិនិយោគ ទុនបង្វិល គ្រឿងចក្រកសិកម្ម ឧបករណ៍ សម្ភារៈ ធាតុចូលកសិកម្ម ការសាងសង់ឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធក្រោយប្រមូលផល ដើម្បីពង្រឹងផលិតកម្មសត្វមាន់ ដំណាំបន្លែផ្ទះសំណាញ់ ស្រូវ ម្ទេស ស្វាយចន្ទី ស្រកានាគ និងស្លឹកមន។ ការគាំទ្រនេះបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាកសិករចំនួន ១ ៦៨៣ គ្រួសារ នៅក្នុងសហគមន៍គោលដៅចំនួន ១០។
សម្រាប់វិស័យធនធានទឹក ក្រុមការងារបានកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ រួមមាន ទំនប់ ប្រឡាយ ស្រះ ស្ថានីយបូមទឹក សំណង់បង្អោរ និងទុយោចែកចាយ ជាដើម ដែលមានសមត្ថភាពស្តុកទឹកជាង ១,៣៤ លានម៉ែត្រគូប និងអាចស្រោចស្រពផ្ទៃដីប្រមាណ ៤ ៣៧៥ ហិកតាក្នុងមួយឆ្នាំ។ ប្រព័ន្ធទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករចំនួន ៣ ៨៥០ គ្រួសារ នៅក្នុងភូមិចំនួន ១៤។
ដោយឡែក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្រុមការងារបានសាងសង់ផ្លូវចំនួន ១៧ខ្សែ ប្រវែងសរុប ១១០,៨៦ គីឡូម៉ែត្រ ក្នុងនោះផ្លូវបេតុងមានប្រវែង ៨,៤១ គីឡូម៉ែត្រ ផ្លូវកៅស៊ូពីរជាន់ ៨៣,៥៤ គីឡូម៉ែត្រ និងផ្លូវល្បាយគ្រួស ១៨,៩១ គីឡូម៉ែត្រ។ ក្រៅពីនេះ ក៏បានថែទាំផ្លូវជាប្រចាំចំនួន ៩ខ្សែ ប្រវែង ៧៦,១៧ គីឡូម៉ែត្រ ព្រមទាំងអនុវត្តការបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រភូមិគំរូ ដែលបានផ្តល់ផលប្រយោជន៍ដល់កសិករចំនួន ៥ ៦៩៣ គ្រួសារ នៅក្នុងភូមិចំនួន ១៧។
ក្រៅពីការពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងាររួម អង្គប្រជុំបានឯកភាពជាគោលការណ៍លើការជ្រើសរើសសហគមន៍គោលដៅចំនួន ៦ បន្ថែមទៀត សម្រាប់អនុវត្តកិច្ចអន្តរាគមន៍ត្រី-វិស័យក្នុងឆ្នាំ២០២៦-២០២៧។
ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំងបីបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហការរវាងក្រសួងទាំងបី ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងពង្រឹងសហថាមពល ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍ជនបទឱ្យមានសមធម៌ និរន្តរភាព និងបរិយាបន្ន ព្រមទាំងធានាការបម្រើឧត្តមប្រយោជន៍ជាតិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕
អត្ថបទ៖ ប៊ី







