កម្ពុជា សហភាពអឺរ៉ុប និងបារាំង បើកការប្រកួត VR ជំរុញជំនាញឌីជីថល និងនវានុវត្តន៍បៃតង

ភ្នំពេញ៖ សហភាពអឺរ៉ុប បារាំង និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរួមគ្នាបើកការប្រកួតប្រជែងកម្រិតតំបន់ផ្នែកបច្ចេកវិទ្យានិម្មិត (Virtual Reality – VR) សម្រាប់និស្សិត ដោយផ្តោតលើការពង្រឹងជំនាញឌីជីថល និងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងចីរភាព។

កម្មវិធីនេះត្រូវបានបើកសម្ពោធនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធាន CADT។

ការប្រកួតប្រជែងនេះធ្វើឡើងក្រោមគម្រោង “Sustainability Issues Multiverse for Building Participatory Learning Environments” (SIMPLE) ដែលសហការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយវិទ្យាស្ថានជាតិស្រាវជ្រាវបារាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IRD) និង CADT។

តាមរយៈកម្មវិធីនេះ និស្សិតសាកលវិទ្យាល័យនៅកម្ពុជា និងតំបន់អាស៊ាន ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានផ្សេងៗ។

ជំនួសឱ្យការប្រើប្រាស់ VR សម្រាប់តែការបង្ហាញរូបភាព កម្មវិធីនេះមានគោលដៅភ្ជាប់ការបណ្តុះបណ្តាលជំនាញឌីជីថលកម្រិតខ្ពស់ជាមួយនឹងការការពារបរិស្ថាន។ និស្សិតនឹងអាចបំប្លែងទិន្នន័យបរិស្ថានដែលមានភាពស្មុគស្មាញ ទៅជាសេណារីយ៉ូបែបវិទ្យាសាស្ត្រដែលមានអន្តរកម្មនៅក្នុងពិភពនិម្មិត ដើម្បីជំរុញការយល់ដឹង និងការគិតពិចារណាចំពោះបញ្ហាប្រឈមជាក់ស្តែងពាក់ព័ន្ធនឹងចីរភាពនៅក្នុងតំបន់។

គំនិតផ្តួចផ្តើមនេះក៏គាំទ្រដោយផ្ទាល់ដល់យុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលផ្តោតលើការអប់រំកម្រិតឧត្តមសិក្សា បរិវត្តកម្មឌីជីថល និងអន្តរកាលបៃតង។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្ពុជាប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកបន្តថា តាមរយៈការគាំទ្រពីដៃគូអឺរ៉ុប យុវជនកម្ពុជានឹងអាចឈានមុខក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងចូលរួមចំណែកដល់របៀបវារៈនៃបរិវត្តកម្មឌីជីថលថ្នាក់ជាតិ។

ជាមួយគ្នានេះ ឯកឧត្តម Igor Driesmans បានបញ្ជាក់ថា តាមរយៈយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបប្តេជ្ញាពង្រឹងការអប់រំ និងការបណ្តុះបណ្តាលជំនាញ។ លោកបានចាត់ទុកការបើកកម្មវិធីនេះថា ជាការត្រួសត្រាយផ្លូវឱ្យនិស្សិតអាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមសកល រួមទាំងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម Olivier Richard បានលើកឡើងថា ក្រុមការងារបារាំង និងវិទ្យាស្ថាន IRD មានមោទនភាពដែលបានចូលរួមគាំទ្រនិស្សិតពី CADT ក្នុងការពង្រឹងសមត្ថភាពលើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខ។ លោកបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សក្នុងស្រុកលើវិស័យបច្ចេកវិទ្យានិម្មិត VR នឹងជួយបង្កើតតម្លៃរយៈពេលវែងសម្រាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា។

ក្រោយពីការដាក់តាំងបង្ហាញបច្ចេកវិទ្យា VR និងទស្សនកិច្ចនៅក្នុងបរិវេណសាលា អ្នករៀបចំកម្មវិធីបានប្រកាសបើកការប្រកួតប្រជែងជាផ្លូវការ ព្រមទាំងផ្តល់សេចក្តីណែនាំលម្អិត និងបង្ហាញពីជំហានបន្ទាប់សម្រាប់និស្សិតដែលចូលរួមក្នុងកម្មវិធី៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times