កម្ពុជា គ្រោងចំណាយ ១.២២ ពាន់លានដុល្លារ លើកញ្ចប់អន្តរាគមន៍ ៣ ជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ១.២២ ពាន់លានដុល្លារអាម៉េរិក លើកញ្ចប់អន្តរាគមន៍ចំនួន ៣ ដែលមានវិធានការសរុប ២៧ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិក្នុងឆ្នាំ ២០២៦ ព្រមទាំងដាក់ជាមូលដ្ឋានសម្រាប់កំណើនប្រកបដោយចីរភាពនៅឆ្នាំខាងមុខ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា កម្មវិធីនេះត្រូវបានបែងចែកជា ៣ កញ្ចប់អន្តរាគមន៍។

តាមប្រសាសន៍របស់ឯកឧត្តម កញ្ចប់នីមួយៗរួមមានវិធានការជាក់លាក់ពីរប្រភេទ គឺវិធានការដែលមានវិបាកភ្លាមៗ (Immediate Relief Measures) និងវិធានការគោលនយោបាយដែលមានវិបាកក្នុងរយៈពេលខ្លី និងមធ្យម (Short- and Medium-Term Policy Measures)។​

វិធានការទាំង ២៧ មានទំហំចំណាយសរុបប្រមាណ ១,២២៤.២ លានដុល្លារអាម៉េរិក ដែលរាជរដ្ឋាភិបាលរំពឹងថានឹងជួយទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចក្នុងរយៈពេលបច្ចុប្បន្ន និងគាំទ្រដល់ការបន្តកំណើននៅបណ្តាឆ្នាំខាងមុខ។

ក្នុងចំណោមកញ្ចប់ទាំង ៣ កញ្ចប់ទី១ ផ្តោតលើ ការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ និងផ្តោតជាសំខាន់លើប្រជាជនក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងអាជីវករខ្នាតមីក្រូ តូច និងមធ្យម ទាំងក្នុង និងក្រៅប្រព័ន្ធ។

វិធានការសំខាន់មួយ គឺការបន្តអនុវត្តវិធានការចំណាយសារពើពន្ធលើផលិតផលតេលសិលា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៦។ វិធានការនេះរួមមានការចាត់ជាបន្ទុករបស់រដ្ឋនូវអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ការបញ្ចុះអាករពិសេស និងអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ព្រមទាំងការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមទាំងស្រុងចំពោះការផ្គត់ផ្គង់ឧស្ម័នឥន្ធនៈ LPG។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា វិធានការទាំងនេះត្រូវបានប្រកាសដាក់ឲ្យអនុវត្តភ្លាមៗ និងជាដំណាក់កាល ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២៦ ដើម្បីបន្ធូរបន្ថយការឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់។

ជារួម រាជរដ្ឋាភិបាលត្រូវលះបង់ចំណូលប្រមាណ ជាង ៥០ លានដុល្លារអាម៉េរិកក្នុងមួយខែ ក្នុងការអនុវត្តវិធានការនេះ។

ឯកឧត្តមបានពន្យល់ថា ការសម្រេចបន្តវិធានការចំណាយសារពើពន្ធនេះ ត្រូវបានថ្លឹងថ្លែងរវាងប្រសិទ្ធភាព និងភាពរហ័សក្នុងការកាត់បន្ថយសម្ពាធអតិផរណា ជាមួយនឹងការបាត់បង់ចំណូលពន្ធរបស់រាជរដ្ឋាភិបាល។

ការកើនឡើងខ្លាំងនៃថ្លៃប្រេងឥន្ធនៈអាចជំរុញឲ្យថ្លៃដឹកជញ្ជូន ថ្លៃដើមផលិតកម្ម និងថ្លៃទំនិញប្រើប្រាស់ទូទៅកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើនសម្ពាធលើជីវភាពប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានចំណូលទាប និងមធ្យម អ្នកប្រកបរបរក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ឯកឧត្តម បានចាត់ទុកការលើកលែងពន្ធនាំចូលលើផលិតផលតេលសិលា ក្នុងស្ថានភាពមិនប្រាកដប្រជា ថាជា «ខែលការពារចរន្តសេដ្ឋកិច្ច» ដែលអាចជួយកាត់បន្ថយសម្ពាធបានឆាប់រហ័ស និងរួមចំណែកធានាសមធម៌សង្គម ទោះបីរាជរដ្ឋាភិបាលត្រូវបាត់បង់ចំណូលថវិកាជាតិមួយផ្នែកក្នុងរយៈពេលខ្លីក៏ដោយ។

វិធានការទី២ ក្នុងកញ្ចប់នេះ គឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ក្នុងអំឡុងមានសម្ពាធថ្លៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។

កម្មវិធីនេះនឹងបើកផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយមួយខែម្តង។ រាជរដ្ឋាភិបាលបានសម្រេចបើកផ្តល់ប្រាក់ឧបត្ថម្ភលើកដំបូងក្នុងខែកញ្ញា ឆ្នាំ ២០២៦ ខណៈការរៀបចំអនុវត្តជាក់ស្តែងនឹងត្រូវប្រកាសជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា កម្មវិធីនេះមានលក្ខណៈស្រដៀងនឹង «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា» ដែលត្រូវបានអនុវត្តកាលពីឆ្នាំ ២០២២-២០២៣ ហើយមានគោលដៅបន្ធូរបន្ទុកជីវភាពរបស់ប្រជាជនក្រីក្រ ខណៈអត្រាអតិផរណាបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមក។

វិធានការទី៣ គឺ កម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដោយមានការចូលរួមពីសហគមន៍ ដែលផ្តោតលើការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនានា រួមមានសាលារៀន ផ្លូវជនបទ និងប្រព័ន្ធធារាសាស្ត្រ។

កម្មវិធីនេះអាចបង្កើតការងារសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងរង្វង់ប្រមាណ ២២ ម៉ឺននាក់។ ក្រៅពីការគាំទ្រដល់ជីវភាពប្រចាំថ្ងៃ វាក៏មានគោលដៅលើកកម្ពស់ផលិតភាពកសិកម្ម ពង្រឹងវិស័យអប់រំ និងជួយអភិវឌ្ឍជំនាញ ដើម្បីបង្កើតមុខរបរ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

កម្មវិធីនេះត្រូវបានដាក់ឲ្យអនុវត្តក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក។

តាមរយៈកញ្ចប់អន្តរាគមន៍ទាំង ៣ រាជរដ្ឋាភិបាលមានគោលដៅឆ្លើយតបចំពោះសម្ពាធដែលកំពុងកើតមានលើជីវភាពប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបង្កើតលក្ខខណ្ឌគាំទ្រដល់ការងារ ការប្រើប្រាស់ និងផលិតកម្ម ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាបន្តស្ថិតលើមាគ៌ានៃកំណើនប្រកបដោយចីរភាពនៅបណ្តាឆ្នាំខាងមុខ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times