វិនិយោគិនចិន ២៥ ស្ថាប័ន សម្លឹងមើលកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់

ភ្នំពេញ៖ ស្របពេលកម្ពុជាកំពុងបន្តពង្រីកការទាក់ទាញទុនវិនិយោគពីអន្តរជាតិ គណៈប្រតិភូធុរកិច្ច និងវិនិយោគចិនចំនួន ២៥ ស្ថាប័ន បានមកសិក្សាដោយផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដោយសម្លឹងឆ្ពោះទៅរកឱកាសជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។

ក្នុងជំនួបដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃវិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS)។

ជំនួបនេះត្រូវបានសម្របសម្រួលដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យបានលម្អិតអំពី «កាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា»។

អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងជំនួបនេះ មានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

CIIDS គឺជាវិទ្យាស្ថានស្រាវជ្រាវ និងគោលនយោបាយដ៏លេចធ្លោមួយ ដែលមានទីស្នាក់ការនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ វិទ្យាស្ថាននេះផ្តោតលើការសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍ និងនវានុវត្តន៍ ស្វែងយល់ និងគាំទ្រមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ប្រទេសចិន ព្រមទាំងផ្តល់ការប្រឹក្សាយោបល់ផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបញ្ញាញាណដល់រដ្ឋាភិបាលចិន។

ក្នុងកិច្ចចាប់ផ្តើមជំនួប ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ក្នុងគោលបំណងពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីការចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពប្រកបដោយផ្លែផ្កានៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងការបន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជា រួមមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រមទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្ត្រអំណោយផល។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការ និងយន្តការថែទាំវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាពបុរេសកម្មជាបន្តបន្ទាប់។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគំនិតផ្តួចផ្តើមថ្មី គឺកម្មវិធី «Open Day with DPM» ដែលកម្មវិធីផ្លូវការជាលើកដំបូងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា។

តាមរយៈជំនួបពិភាក្សានេះ គណៈប្រតិភូធុរកិច្ច និងវិនិយោគចិន បានទទួលឱកាសជម្រាបជូនអំពីបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងទស្សនវិស័យ និងគម្រោងផែនការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។

គណៈប្រតិភូក៏បានលើកឡើងនូវសំណួរបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ ដើម្បីស្នើសុំការតម្រង់ទិស និងការពន្យល់បកស្រាយពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។

ជាកិច្ចឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់ការបកស្រាយយ៉ាងលម្អិត ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើកាលានុវត្តភាពវិនិយោគតាមវិស័យអាទិភាព។

ជាមួយគ្នានេះ គណៈប្រតិភូធុរកិច្ច និងវិនិយោគចិន បានសម្តែងនូវអំណរគុណ និងការគោរពកោតសរសើរចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួប និងផ្តល់អនុសាសន៍ណែនាំដ៏មានសារៈសំខាន់ ព្រមទាំងបានសម្តែងនូវទំនុកចិត្តយ៉ាងមុតមាំចំពោះសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការឈានទៅសម្រេចបាននូវកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្តែងនាពេលខាងមុខ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times