ក្រសួងរ៉ែ និងថាមពល បើកកិច្ចពិភាក្សាជាមួយវិស័យឯកជន ដោះស្រាយបញ្ហាប្រឈម

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល និងសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល ថ្លៃដើមអគ្គិសនី និងបទដ្ឋានគតិយុត្ត។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នៅអគារធនាគារវីង (Wing Tower) ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានរបស់កម្ពុជា (ASEAN BAC Cambodia)។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកសភាពាណិជ្ជកម្មកម្ពុជា ប្រធាន ឬតំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សហប្រធានក្រុមការងារផ្នែកឯកជននៃ G-PSF ព្រមទាំងប្រធាន ឬតំណាងគ្រឹះស្ថាន សមាគមធុរកិច្ច ក្រុមហ៊ុនឯកជន និងភាគីពាក់ព័ន្ធ។

កិច្ចពិភាក្សាមានគោលបំណងបង្កើតវេទិកាសន្ទនាដោយផ្ទាល់ និងមានតម្លាភាព រវាងក្រសួងរ៉ែ និងថាមពល និងវិស័យឯកជន ដើម្បីទទួលយកអនុសាសន៍ ផ្លាស់ប្តូរព័ត៌មាន និងយោបល់ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅកម្ពុជា។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានបើកឱកាសឱ្យវិស័យឯកជនលើកឡើងពីបញ្ហាប្រឈម ឧបសគ្គបច្ចេកទេស និងក្តីកង្វល់ជាក់ស្តែងពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល ថ្លៃដើមអគ្គិសនី និងបទដ្ឋានគតិយុត្ត ដើម្បីស្វែងរកដំណោះស្រាយ និងការសម្របសម្រួលពីភាគីរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តរក្សាអាទិភាពគន្លឹះចំនួន៤ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង» និងបានបន្ថែមអាទិភាពគន្លឹះទី៥ គឺ «បច្ចេកវិទ្យា» ដើម្បីឆ្លើយតបទៅនឹងបរិវត្តកម្មឌីជីថលសកល។

អ្នកឧកញ៉ា បានបន្ថែមថា វិស័យរ៉ែ និងថាមពល គឺជាសសរទ្រូងសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជំរុញកំណើនឧស្សាហកម្ម ទាក់ទាញការវិនិយោគទុនបរទេស និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ខណៈវិស័យនេះកំពុងត្រូវបានផ្លាស់ប្តូរទម្រង់ថ្មីជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន សេដ្ឋកិច្ចជាតិ និងបរិបទសកលលោក។

ជាការឆ្លើយតប ឯកឧត្តម កែវ រតនៈ បានលើកឡើងថា វិស័យឯកជនគឺជាដៃគូរបស់រាជរដ្ឋាភិបាលដែលមិនអាចខ្វះបាន និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងវិស័យរ៉ែ និងថាមពល។

លោករដ្ឋមន្ត្រីក៏បានស្នើឱ្យវិស័យឯកជនប្រើប្រាស់យន្តការក្រុមការងារនៃ G-PSF ដែលមានសភាពាណិជ្ជកម្មកម្ពុជាជាច្រកចេញចូលតែមួយ ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងក្តីកង្វល់នានា សំដៅស្វែងរកដំណោះស្រាយ និងការសម្របសម្រួលពីភាគីរាជរដ្ឋាភិបាល។

ឯកឧត្តម កែវ រតនៈ ក៏បានស្នើឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្តរៀបចំកិច្ចប្រជុំពិភាក្សារវាងរដ្ឋ និងឯកជនបែបនេះជាបន្តបន្ទាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័ននីមួយៗ ដើម្បីបង្កើតកិច្ចសន្ទនាដោយផ្ទាល់ និងមានតម្លាភាពជាមួយតំណាងធុរជន និងក្រុមហ៊ុនឯកជន៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times