ក្រសួងសេដ្ឋកិច្ច ពង្រឹងសមត្ថភាពមន្ត្រីថ្មី សម្រាប់គាំទ្រកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរី ស្តីពី «ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ» ជូនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមគាំទ្រកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ពិធីបិទវគ្គនេះធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម សរុបប្រមាណ ៤៨០នាក់។

ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានអបអរសាទរដល់សិក្ខាកាមដែលបានខិតខំរៀនសូត្រ និងបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ លោកបានចាត់ទុកវិញ្ញាបនបត្រដែលសិក្ខាកាមទទួលបានថា ជាសក្ខីភាពនៃចំណេះដឹងដែលទទួលបានពីវគ្គសិក្សា និងជាគ្រឹះសម្រាប់ការកសាងចំណេះដឹង ចំណេះធ្វើ និងអនាគតអាជីពជាមន្ត្រីរាជការ។

ឯកឧត្តបានគូសរំលេចថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ដោយមានគោលដៅឆ្ពោះទៅរក «គណនេយ្យភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអង្គភាពថវិកា និងថវិកាព័ត៌មានសមិទ្ធកម្ម ព្រមទាំងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីធ្វើឌីជីថលូបនីយកម្មការអនុវត្តថវិកា។

ឯកឧត្តបានបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានកន្លងមក មិនមានន័យថាការងារកែទម្រង់ត្រូវបានបញ្ចប់ទាំងស្រុងនោះទេ។ កម្ពុជានៅតែត្រូវបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ខណៈសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនត្រូវបានផ្ទេរទៅកាន់អង្គភាពថវិកា ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងបរិបទនេះ ការកសាងសមត្ថភាពមន្ត្រីដែលអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ គឺជាការងារដែលត្រូវបន្តយកចិត្តទុកដាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានលើកឡើងពីបរិយាកាសពិភពលោកដែលកំពុងពោរពេញដោយភាពមិនប្រាកដប្រជា ដោយសារការរង្គោះរង្គើផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ការចុះខ្សោយនៃប្រព័ន្ធច្បាប់ និងសណ្ដាប់ធ្នាប់ពិភពលោក ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តបានសង្កត់ធ្ងន់ថា បរិបទទាំងនេះកើតឡើងក្នុងល្បឿនលឿន និងមិនអាចព្យាករបានជាមុន ដូច្នេះកម្ពុជាត្រូវការមូលធនមនុស្សដែលមានសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមបានទាន់ពេល និងមានប្រសិទ្ធភាព ជាពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់សេដ្ឋកិច្ច។

ក្នុងបរិការណ៍ដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមទាំងក្នុង និងក្រៅប្រទេស លោកបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាព ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែលឿន និងទូលំទូលាយ សំដៅប្រែក្លាយពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តបានអំពាវនាវឱ្យមន្ត្រីរាជការគ្រប់រូបបន្តបង្កើនសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈជាប្រចាំ ព្រមទាំងអនុវត្តការងារក្នុងស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ និងផ្តើមចេញពីការបំពេញភារកិច្ចឱ្យបានល្អប្រសើរ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ការអភិវឌ្ឍមូលធនមនុស្សជាបញ្ចកោណទី១ ក្នុងចំណោមអាទិភាពទាំង៥ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ផ្អែកលើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ និងអនុក្រឹត្យលេខ៤៥ ស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០២៣ ដើម្បីកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់ចូលរួមគាំទ្រ និងអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា សិក្ខាកាមជ័យលាភីលេខ១ លេខ២ និងលេខ៣ នៃកម្មវិធីបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលជាមន្ត្រីវ័យក្មេង មានឆន្ទៈកែទម្រង់ និងមានសក្ដានុពលក្នុងការអភិវឌ្ឍសមត្ថភាព នឹងទទួលបានអាហារូបករណ៍សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីសហប្រតិបត្តិការរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យាល័យដៃគូជាតិ និងអន្តរជាតិ។

ក្នុងឱកាសនៃពិធីបិទវគ្គ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានធ្វើបាឋកថាស្តីពី «ទ្រឹស្តីមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសភាពការណ៍សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន» ជូនសិក្ខាកាម និងអ្នកចូលរួម។

បាឋកថានេះបានលើកឡើងពីដំណើរវិវត្តនៃសង្គម និងសេដ្ឋកិច្ច ចាប់ពីការកកើតសង្គមមនុស្ស និងសកម្មភាពសេដ្ឋកិច្ច រហូតដល់ការអភិវឌ្ឍជាគោលគំនិត ទស្សនៈ រូបមន្ត គំរូ និងទ្រឹស្តីសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានពន្យល់អំពីតួនាទីរដ្ឋ និងសេដ្ឋកិច្ច ប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗ និងការវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ចនីមួយៗ ដែលផ្សារភ្ជាប់ជាមួយបរិបទសង្គម និងនិន្នាការនយោបាយក្នុងតំបន់ និងពិភពលោក។

ឯកឧត្តបានចែករំលែកបន្ថែមអំពីការវិវត្តនៃប្រព័ន្ធ និងដំណើរការសេដ្ឋកិច្ច រួមទាំងសភាពការណ៍សេដ្ឋកិច្ចកម្ពុជារហូតដល់បច្ចុប្បន្ន ដោយឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមចំណែករបស់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ក្នុងការគ្រប់គ្រងថវិកាជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times