ជីប ម៉ុង សាងសង់ និងប្រគល់ផ្ទះ ១០០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅបាត់ដំបង

ជីប ម៉ុង គ្រុប បាន​បន្ត​រួម​ចំណែក​ក្នុង​សកម្មភាព​មនុស្ស​ធម៌​បន្ថែម​ទៀត​ហើយ ដោយ​ចូលរួម​សាងសង់ និង​ប្រគល់​លំនៅឋាន​សរុប​ចំនួន ១០០ខ្នង ជូន​ដល់​អតីត​យុទ្ធជន និង​ក្រុម​គ្រួសារ។

ដោយ​ថ្មី​ៗ​នេះ​ស្ថាបនិក​ជីប ម៉ុង គ្រុប ជាច្រើន​រូប​បាន​ធ្វើ​ដំណើរ​ទៅ​ជួប និង​ឧបត្ថម្ភ​ថវិកា ផ្ទះ​ចំនួន ១០០ខ្នង និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ សរុប​ជា​ទឹក​ប្រាក់ ២ ២០០ ០០០ ០០០ រៀល នៅ​ក្នុង​ខេត្ត​បាត់ដំបង។

នេះ​ជា​ការ​ចូលរួម​ជា​បន្តបន្ទាប់​របស់ ជីប ម៉ុង ក្នុង​បេសកកម្ម​ដ៏​មាន​អត្ថន័យ ដើម្បី​តបស្នង​សងគុណ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​របស់​អតីត​យុទ្ធជន​ជូន​ជាតិ​មាតុភូមិ និង​រួម​ចំណែក​សម្រាល​បន្ទុក​ជីវភាព​របស់​បងប្អូន។

នា​ឱកាស​នោះ​ក៏​មាន​ឯកឧត្ដម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម តំណាង​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចូលរួម​ជាមួយផងដែរ៕

ជីប ម៉ុង បានចូលរួមក្នុងបេសកកម្មជាប់ជានិច្ចគាំទ្រលើវិស័យការពារជាតិ ជាបន្តបន្ទាប់ដោយ សម្រាប់យុទ្ធនាការឧបត្ថម្ភជួយដល់អតីតយុទ្ធជន ធ្វើចំនួន២លើករួចមកហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមាន៖

លើកទី១ ការចូលរួមសាងសង់ផ្ទះចំនួន១០០ខ្នង ជូនអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ។ លើកទី២ បានបន្តឧបត្ថម្ភ ថវិកា​៥០ ម៉ឺនដុល្លារ កាលពីខែឧសភា ឆ្នាំ ២០២៦ ដើម្បីសាងសង់ផ្ទះ ចំនួន ១០០ ខ្នងបន្ថែមទៀត។ សរុបរួមទាំងពីរលើកនេះ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមចំណែកសាងសង់ និង ប្រគល់លំនៅដ្ឋានបានសរុបចំនួន២០០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជាកន្លងមក។

មកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបរិច្ចាគទាំងថវិកា, ផ្ទះ, និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ចំនួន ២,២០០,០០០,០០០ រៀល ដែលត្រូវប្រគល់ជូនបងប្អូនអតីតយុទ្ធជនដោយផ្ទាល់ថែមទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Group