ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី កំពុងជំរុញភាពជាដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ បានកើនដល់ប្រមាណ ៩៤៧ លានដុល្លារ កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ការជំរុញកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដែលបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ពិធីនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ លោកជំទាវ ចម និម្មល បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូម៉ាឡេស៊ី និងថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា MATRADE និងដៃគូពាក់ព័ន្ធ ដែលបានផ្តួចផ្តើម និងសហការរៀបចំវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូផ្គងធុរកិច្ចនេះ ដើម្បីបន្តរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីមានសន្ទុះវិជ្ជមានជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១,០៨ ពាន់លានដុល្លារ កើនឡើងជិត ២៥% ពី ៨៦៥ លានដុល្លារក្នុងឆ្នាំ២០២៤។ តួលេខនេះមានន័យថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនលើស ១ ពាន់លានដុល្លារ ស្របតាមការប្តេជ្ញាដែលភាគីទាំងពីរបានដាក់ចេញកន្លងមក។
លោកជំទាវបានបន្តថា កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឱ្យគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ដូច្នេះ ភាគីទាំងពីរគួរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតមិនត្រឹមតែលើការបង្កើនទំហំពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងការវិនិយោគ ការចាប់ដៃគូអាជីវកម្ម ការផ្ទេរបច្ចេកវិទ្យា ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើនការចូលរួមរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីស្វែងរកឱកាសថ្មីៗនៅកម្ពុជា ក្នុងវិស័យទំនិញប្រើប្រាស់ទូទៅ កសិផលកែច្នៃ សុខាភិបាល ថាមពលបៃតង សេវាឌីជីថល ភស្តុភារកម្ម និងវិស័យហាឡាល។ លោកជំទាវក៏បានជំរុញឱ្យមានការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្តល់ព័ត៌មានទីផ្សារ និងការសម្របសម្រួលការវិនិយោគជាប្រចាំ ដើម្បីពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសធុរកិច្ចដែលមានភាពបើកចំហ អាចព្យាករណ៍បាន មានតម្លាភាព និងផ្អែកលើគោលការណ៍នីតិរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងនេះរួមមានការសម្រួល និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការបន្តសម្របសម្រួលការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ព្រមទាំងការផ្តោតលើការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មើភាព។
ជាពិសេស លោកជំទាវបានលើកឡើងពីសក្តានុពលនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហាឡាល បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការយុទ្ធនាការទូទាំងប្រទេសកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជំរុញ និងបង្កើនការចុះបញ្ជីផលិតផលហាឡាល និងជំរុញការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀត។
លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយ MATRADE ស្ថានទូតម៉ាឡេស៊ី សមាគមធុរកិច្ចម៉ាឡេស៊ី វិស័យឯកជនកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីប្រែក្លាយទំនាក់ទំនងទ្វេភាគីដ៏រឹងមាំទៅជាឱកាសពាណិជ្ជកម្មជាក់ស្តែង និងផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ។
លោកជំទាវក៏បានអំពាវនាវដល់វិស័យឯកជននៃប្រទេសទាំងពីរ ឱ្យរួមគ្នាប្រែក្លាយ «ការចូលដល់ទីផ្សារ ទៅជាវត្តមាននៅក្នុងទីផ្សារ» និង «ទំនាក់ទំនងធុរកិច្ច ទៅជាភាពជាដៃគូពាណិជ្ជកម្ម» ដើម្បីរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់កម្ពុជា និងម៉ាឡេស៊ី៕
អត្ថបទ៖ ប៊ី









