វិនិយោគិនជប៉ុន សិង្ហបុរី និងហុងកុង ស្វែងយល់ឱកាសវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចអន្តរជាតិមកពីជប៉ុន សិង្ហបុរី និងហុងកុង បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគ និងស្វែងរកលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ជំនួបនេះត្រូវបានរៀបចំក្រោមកិច្ចសម្របសម្រួលរបស់ ឧកញ៉ា ចាន់ សុខឃាំង ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Bayon Heritage Holding Group ព្រមទាំងជាសហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Signature Rice Co., Ltd. (Signature of Asia) ដើម្បីផ្តល់ឱកាសដល់ដៃគូធុរកិច្ចអន្តរជាតិរបស់ខ្លួន ស្វែងយល់ដោយផ្ទាល់ និងស៊ីជម្រៅពីកាលានុវត្តភាពវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពបណ្តាក់ទុនរួមគ្នាលើវិស័យសក្តានុពលសំខាន់ៗ ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារ និងកសិផល ដូចជា ស្រូវ-អង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភស្តុភារកម្ម។

កិច្ចសហប្រតិបត្តិការនេះមានគោលដៅជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

តំណាងក្រុមហ៊ុនធំៗទាំងបី ក៏បានជម្រាបជូនអង្គប្រជុំអំពីជំនាញឯកទេស ផលិតផល ប្រតិបត្តិការអាជីវកម្ម សាវតានៃការបោះទុននៅកម្ពុជា ព្រមទាំងកិច្ចសហការជាមួយ Bayon Heritage Holding Group និង Signature Rice Co., Ltd. និងការសម្លឹងមើលឱកាសពង្រីកវិសាលភាពវិនិយោគបន្ថែមនៅកម្ពុជា។

គណៈប្រតិភូធុរកិច្ចអន្តរជាតិដែលចូលរួមក្នុងជំនួបនេះ រួមមានក្រុមហ៊ុន Agro Ludens Inc. មកពីជប៉ុន ដឹកនាំដោយលោក Sugiyama Kiyotaka នាយកប្រតិបត្តិ។ ក្រុមហ៊ុនមានជំនាញលើវិស័យកសិ-ពាណិជ្ជកម្ម និងកសិ-បច្ចេកវិទ្យា (Agri-tech) ដោយផ្តោតលើការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើនតម្លៃបន្ថែមដល់កសិផល និងការតភ្ជាប់ទីផ្សារកសិផលទៅសហគមន៍អន្តរជាតិ។

ក្រុមហ៊ុន Agro Ludens Inc. បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Signature Rice Co., Ltd. តាមរយៈការផ្គូរផ្គងធុរកិច្ច ក្នុងឱកាសដែលឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញវិនិយោគនៅប្រទេសជប៉ុនកាលពីខែមិថុនា។

ក្រុមហ៊ុន Olam Food Ingredients មកពីសិង្ហបុរី ដឹកនាំដោយលោក Dipen Joshi នាយកប្រតិបត្តិ មានជំនាញលើឧស្សាហកម្មគ្រឿងផ្សំចំណីអាហារ និងភេសជ្ជៈធម្មជាតិកម្រិតសកល ជាពិសេសការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី និងកាកាវ។

ចំណែកក្រុមហ៊ុន Meridian International Holding មកពីហុងកុង ដឹកនាំដោយលោក Ko Sek Yan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន មានជំនាញលើការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគពហុវិស័យ។ ក្រុមហ៊ុនមានបទពិសោធន៍បណ្តាក់ទុនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា លើវិស័យអចលនទ្រព្យ និងសំណង់អគារពាណិជ្ជកម្មកម្រិតប្រណិត ដូចជា Flatiron By Meridian ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូធុរកិច្ចអន្តរជាតិ ដែលបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងយល់បន្ថែមពីអំណោយផលវិនិយោគ និងការបោះទុននៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែង និងបានបញ្ជាក់ថា ក.អ.ក. ត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួល និងការគាំទ្រដល់គ្រប់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុនទាំងអស់។

គោលដៅគឺដើម្បីប្រែក្លាយបំណងវិនិយោគទាំងនោះទៅជាប្រតិបត្តិការជាក់ស្តែង ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ជាកិច្ចឆ្លើយតប តំណាងគណៈប្រតិភូធុរកិច្ចអន្តរជាតិ និងឧកញ៉ា ចាន់ សុខឃាំង បានសម្តែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក.អ.ក. ដែលបានចំណាយពេលវេលាទទួលជួប និងផ្តល់ព័ត៌មានគន្លឹះពាក់ព័ន្ធនឹងឱកាសវិនិយោគនៅកម្ពុជា។

ព័ត៌មាន និងការពិភាក្សាក្នុងជំនួបនេះ ត្រូវបានចាត់ទុកជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនទាំងអស់ក្នុងការរៀបចំផែនការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅកម្ពុជានាពេលខាងមុខ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times